(កំពង់ចាម)៖ ក្រោយពីឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង កាលពីយប់មិញ ស្រាប់តែនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ចំនួន៣ខ្នង ស្ថិតនៅស្រុកស្ទឹងត្រង់ ជាប់ព្រំប្រទល់ស្រុកចំការលើ ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា ក្រោយមានគ្រោះអគ្គិភ័យនេះភ្លាម កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋចេញជួយអន្តរាគមន៍ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទៅបាញ់ពន្លត់ ពោលចេញពីអធិការស្រុកចំការលើ អធិការស្រុកស្ទឹងត្រង់ និងបឹងកេត ដោយប្រើទឹកអស់៧រថយន្ត។
បើតាមលោកស្នងការ អគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ៣ខ្នង (១ផ្ទះមាន៣ខ្នង) ព្រមទាំងសម្ភារ និងទ្រព្យសម្បត្តិមួយចំនួន តែមិនរីករាលដាលដល់ផ្ទះដទៃទៀតឡើយ៕