(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើទោះបីជាប្រទេសកម្ពុជា និងកូរ៉េ នៅឆ្ងាយពីគ្នាក៏ពិតមែន តែមានឆន្ទៈដូចគ្នា គឺឆន្ទៈនេះហើយដែលបានទាញប្រទេសទាំងពីរឱ្យមកនៅជិតគ្នា ធ្វើការដើម្បីបម្រើផលប្រយោជន៍មនុស្សជាតិនៅលើផែនដី។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងសិក្ខាសាលារួមគ្នាស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត (Korea-Cambodia Development Partnership Workshop: Navigating the Path for Future Cooperation)»។
សិក្ខាសាលសានេះមានការចូលរួមពីលោក ហាន ឃ្យុងភីល (Hahn Gyeong Phil), អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃការិយាល័យគោលនយោបាយ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ព្រមទាំងអ្នកជំនាញទាំងពីរផងដេរ។
លោកបណ្ឌិត សុខ ទូច បានថ្លែងថា សតវត្សរ៍ទី ២១ នេះ ពិភពលោក គឺជាភូមិដ៏អ៊ូអរមួយ ដែលមនុស្សមានមតិផ្សេងៗគ្នា អំពីអ្វីៗគ្រប់បែបយ៉ាង រាប់តាំងពីរបៀបរបបរស់នៅ និងជំនឿជាដើម តែគេត្រូវ រស់នៅជាមួយគ្នា និងដោះស្រាយបញ្ហាដោយឈរលើស្មារតីសន្ដិភាពនិយម។ យើងរស់នៅលើពិភពលោកទោះយើងមាន ភាសា ព័ណ៌ សម្បុរ ខុសគ្នានោះទេ តែយើងមានធាតុរួមគ្នាជាច្រើនដូចជា ស្រូបយកខ្យល់បរិសុទ្ធ ទទួលទានទឹកដូចគ្នា សេចក្តីស្រឡាញ់គ្មានព្រំដែន និងស្នាមញញឹមដូចគ្នា។ ទាំងអស់នេះហើយ ដែលមនុស្សលោកចាំបាច់ត្រូវកៀកស្មាគ្នាដោះស្រាយបញ្ហាផ្សេងៗ ដោយឈរលើស្មារីសន្តិភាពនិយម។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «បើទោះបីជា ប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នាក៏ពិតមែន តែយើងមាន ឆន្ទៈដូចគ្នា គឺឆន្ទៈនេះហើយដែលបានទាញយើងឱ្យមកនៅជិតគ្នា ធ្វើការដើម្បីបម្រើផលប្រយោជន៍មនុស្សជាតិនៅលើផែនដីនេះ»។ ដូចដែលខ្ញុំធ្លាប់លើកឡើងនាពេលកន្លងមកថា យើងរស់នៅលើពិភពលោក ទោះបីជាយើងមានភាសា ព័ណ៌សម្បុរ និងវប្បធម៌ខុសគ្នាក៏ពិតមែន តែយើងមានធាតុរួមគ្នាជាច្រើន ដូចជាយើងត្រូវការស្រូប ខ្យល់បរិសុទ្ធដូចគ្នា ទទួលទានទឹកដូចគ្នា ត្រូវការសេចក្តីស្រឡាញ់គ្មានព្រំដែន និងស្នាមញញឹមដូចគ្នា»។
លោកបណ្ឌិត សុខ ទូច បានបន្ថែមថា ទាំងអស់នេះហើយ ដែលមនុស្សលោកចាំបាច់ត្រូវកៀកស្មាគ្នាដោះស្រាយបញ្ហាប្រឈមរួមគ្នា ដោយឈរលើស្មារតីមនុស្សជាតិដូចគ្នា។ យើងទាំងអស់គ្នាត្រូវតែជាផ្នែកមួយនៃដំណោះស្រាយ មិនមែនជាផ្នែកមួយនៃបញ្ហានោះទេ។
លោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានសម្របសម្រួលនិងជួយជ្រោមជ្រែងឱ្យគម្រោង ODA លេចចេញជារូបរាង។
បើតាមលោក ហាន ឃ្យុងភីល (Hahn Gyeong Phil) បានលើកឡើងថា នៅពេលមានសង្រ្គាមបាក់បែកនៅប្រទេសកូរ៉េ កូរ៉េបានយកឈ្នះលើការលំបាក ដោយមានជំនួយពីសហគមន៍អន្តរជាតិ ហើយបានរីកចម្រើនទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ហើយប្រទេសកូរ៉េចង់ប្រគល់ជំនួយជូនពិភពលោកវិញនូវអ្វីដែលកូរ៉េបានទទួល ដែលវាជាចក្ខុវិស័យរបស់ប្រទេសកូរ៉េក្នុងនាមជា «ប្រទេសសំខាន់ក្នុងពិភពលោក» ដែលនឹងបំពេញនូវការទទួលខុសត្រូវ និងការរួមចំណែករបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ៕