(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគបាល នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលបានតាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ។

ក្រោយពីចាប់ឃាត់ខ្លួន បុគ្គល ហុក ប៊ុនរ៉េត បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២៖ ដោយទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការ សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែងនាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
ការក្លែងឯកសារខាងលើ ខ្លួនគេបានផលិតដោយប្រើកុំព្យូទ័រផ្ទាល់ខ្លួន តាមកម្មវិធី Microsoft Word និង Adobe Photoshop ធ្វើនៅទីតាំងផ្ទះលេខ១៥៥ ផ្លូវ៧A សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះដែរ ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន៕