(ភ្នំពេញ)៖ លោក ហាន ឃ្យុងភីល (Hahn Gyeong Phil) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តការអន្តរជាតិនៃការិយាល័យគោលនយោបាយរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ បានលើកឡើងថា គោលបំណងដែលលោកធ្វើទស្សនកិច្ចមកទីក្រុងភ្នំពេញ គឺដើម្បីវាយតម្លៃគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដើម្បីស្វែងរកមធ្យោបាយដែលគួរឱ្យចង់បានក្នុងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងស្តាប់នូវជំហរ និងយោបល់របស់ភាគីកម្ពុជា។
ក្នុងឱកាសអញ្ជើញចូលរួមបើកសិក្ខាសាលារួមគ្នាស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត (Korea-Cambodia Development Partnership Workshop: Navigating the Path for Future Cooperation)» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហាន ឃ្យុងភីល បានឱ្យដឹងថា «អង្គការនានានៃប្រទេសទាំងពីរ កំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បីសម្រេចបានជោគជ័យនូវគម្រោង ODA ផ្សេងៗនៅប្រទេសកម្ពុជា»។
ជាមួយគ្នានេះដែរ លោក ហាន ឃ្យុងភីល បានបង្ហាញការសង្ឃឹមថា កូរ៉េអាចរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាព តាមរយៈការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍របស់ខ្លួន នៃការបង្កើត «អព្ភូតហេតុ នៃទន្លេហាន» ជាមួយប្រទេសកម្ពុជាដែលកំពុងបង្កើតនូវ «អព្ភូតហេតុនៃទន្លេមេគង្គ»។
លោក ហាន ឃ្យុងភីល បានរំលឹកថា លោក Yoon Seok-yeol ប្រធានាធិបតីកូរ៉េ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា បានអះអាងសារជាថ្មីថា ប្រទេសទាំងពីរពិតជាដៃគូ សហប្រតិបត្តិការដ៏សំខាន់បំផុត ហើយបានព្រមព្រៀងគ្នាជំរុញពាណិជ្ជកម្ម ផលិតផលកសិកម្ម និងបសុសត្វ ការផ្លាស់ប្តូរធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរួមគ្នា។ ម្យ៉ាងទៀតគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ដែលនឹងត្រូវសាងសង់នៅកណ្តាល រាជធានីភ្នំពេញនាពេលខាងមុខ (២៣-២៩) គឺស្ពានមិត្តភាពកម្ពុជា និងកូរ៉េ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះលោក ហាន ឃ្យុងភីល បានគូសបញ្ជាក់ថា ភាគីពាក់ព័ន្ធនឹងបង្ហាញយ៉ាងសកម្មនូវមតិដ៏ស្មោះត្រង់ និងផែនការអភិវឌ្ឍន៍នាពេលអនាគតទាក់ទងនឹងគម្រោង ODA របស់ប្រទេសកូរ៉េផងដែរ។
បើតាមលោកបណ្ឌិត សុខ ទូច ជឿជាក់ថាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ កាន់តែមានភាពល្អប្រសើរឡើង។ ជាពិសេស ក្រោមគោលនយោបាយគំនិតផ្តួចផ្តើមអាស៊ានកូរ៉េ ឬ ASEAN Korea Solidarity (KASI) របស់ប្រធានាធិបតី យុន ស៊ុគ យូល (Yoon Seok-Yeol) សាធារណរដ្ឋកូរ៉េនឹងដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងតំបន់និយាយជារួម និងជាមួយកម្ពុជានិយាយដោយឡែក ទាំងយន្តការសេដ្ឋកិច្ច នយោបាយ វប្បធម៌និងការងារសិក្សាស្រាវជ្រាវជាដើម។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏សូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានសម្របសម្រួលនិងជួយជ្រោមជ្រែងឱ្យគម្រោង ODA លេចចេញជារូបរាង។
គួរឱ្យដឹងថា កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកបណ្ឌិតសភាចារ្យ សុខ ទូច និងលោក Seong Kyoung Ryun រធានក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានឯកភាពរៀបចំគម្រោងស្នើសុំថវិកាកញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ឆ្នាំ២០២២-២០២៦ ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវយុទ្ធសាស្ត្រនិងគោលនយោបាយជាតិ និងពិនិត្យលើគម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើវិស័យអាទិភាពចំនួន៣ រួមមានទី១៖ វិស័យអប់រំ, ២៖ វិស័យសុខភាពសាធារណៈ និងទី៣៖ វិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងការគ្រប់គ្រងធនធានទឹក៕