(ក្រចេះ)៖ មេឈ្មួញលក់សត្វព្រៃម្នាក់ នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវតុលាការខេត្តក្រចេះសម្រេចឃុំខ្លួន ពីបទដឹកជញ្ជូនធ្វើពាណិជ្ជកម្មសាច់សត្វ កែច្នៃសំណាកសត្វ នាំចូលសត្វព្រៃដោយគ្មានច្បាប់អនុញ្ញាត។
ជនសង្ស័យរូបនោះមានឈ្មោះ ចក់ ចែម ជាមេឈ្មួញលក់សត្វព្រៃយ៉ាងសកម្ម នៅភូមិសាស្រ្តភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ការឃុំខ្លួននេះធ្វើឡើងតាមសាលដីការបស់លោក គុយ ពិទូ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងចម្រុះដឹកនាំដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានចុះឆែកឆេរហាងបាយមួយកន្លែងស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលគេដឹងថា ហាងបាយមួយនេះលក់សត្វព្រៃជាច្រើនប្រភេទជាប្រចាំ។
ក្នុងប្រត្តិបត្តការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញសត្វព្រៃជាច្រើនប្រភេទ រួមមាន៖ ត្រកួតចំនួន៥ក្បាល ទម្ងន់៧គីឡូក្រាម សាច់ជ្រូកព្រៃចំនួន៤០គីឡូក្រាម សាច់ក្របីព្រៃចំនួន១០គីឡូក្រាម។
វត្តតាងសាច់ព្រៃទាំងនោះ ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ចំណែកមេឈ្មួញសត្វព្រៃដ៏សកម្មឈ្មោះ ចក់ ឆែម ត្រូវបានតុលាការឃុំខ្លួនតាមនីតិវិធី រីឯប្រពន្ធឈ្មោះ សុខ ឃឿន ជាជនដៃដល់បានខ្វាច និងយកដុំថ្មគប់ទៅលើសមត្ថកិច្ច និងរត់គេចខ្លួនបាត់៕