(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងថ្នាក់ដឹកនាំខេត្ត តំណាងឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនអាជីវករ និងប្រជាពលរដ្ឋទូទាំងខេត្ត បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង និងថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានមកសួរសុខទុក្ខ សំណេះសំណាលដោយផ្ទាល់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ ប្រកបដោយភាពជិតស្និត និងសាមញ្ញជាទីបំផុត។
លោក ឈួរ ច័ន្ទឌឿន បានបង្ហាញពីអំណោយដ៏ធំៗ ជាច្រើនដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្រុមអាជីវករ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរួមមាន៖
ទី១-សម្រាប់សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ទទួលបានអាគារ១ខ្នង ២ជាន់១២បន្ទប់ និងលុបស្រះទឹក២កន្លែង ដើម្បីរៀបចំទីលានកីឡា
ទី២-សម្រាប់វិទ្យាល័យព្រះបាទសុមរាម្រឹត ទទួលបានអាគារ១ខ្នង ៣ ជាន់ ១៨បន្ទប់ និងចាក់ដីទីធ្លាសាលា ដើម្បីរៀបចំទីលានកីឡា
ទី៣-សម្រាប់វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ទទួលបានអាគារ១ខ្នង ២ជាន់ ១២បន្ទប់ ជីកស្រះមួយកន្លែងយកដីចាក់ទីធ្លាធ្វើទីលានកីឡា និងធ្វើរបងព័ទ្ធជុំវិញសាលា
ទី៤-សម្រាប់វិទ្យាល័យបរិបូណ៌ត្បូង ទទួលបានអាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់១ខ្នង បណ្ណាល័យ១ខ្នង ជីកស្រះមួយកន្លែងយកដីចាក់ទីធ្លាសាលា និងធ្វើរបងព័ទ្ធជុំវិញសាលា
ទី៥-វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ទទួលបានអាគារ២ខ្នង ២ជាន់ ២៤បន្ទប់ ជួសជុលអាគារសម្តេចចាស់ដែលខូច ទីចាត់ការ១ខ្នង ជីកស្រះមួយកន្លែងយកដីចាក់ទីលានកីឡា។
បើតាមលោកអភិបាលខេត្ត សម្រាប់បងប្អូនអាជីវករវិញ នឹងអាចមានសិទ្ធិលក់ដូររហូតដល់ឆ្នាំ២០៤០ ដែលអំណោយ និងដំណោះស្រាយបែបនេះ ពិតជាបានបញ្ចប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅទូទាំងខេត្តដែលមានកន្លងមក៕