(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានសហការជាមួយ សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលា ស្ដីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ វេលាម៉ោង ៨:០០ ដល់ម៉ោង ១៧:០០ នាទី។
ដែលកម្មវិធីនេះមានការចូលរួមឧបត្ថម្ភពីដៃគូពាក់ព័ន្ធនានាមានដូចជា ៖សហគ្រិនខ្មែរ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងដៃគូសហការផ្សេងៗទៀត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក សោម សាវ៉ាត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ព្រហ្ម សុខជាវណ្ណដា ប្រធានមន្ទីរពាណិជ្ជកម្ម តំណាងដ៏ខ្ពងខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម កញ្ញា សួស ហ្វុង តំណាងខាងមជ្ឈមណ្ឌលធុរៈកិច្ចថ្មី «តេជោ» ឧកញ៉ា វណ្ណ សុខហេង ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC មានអ្នកចូលរួមចំនួន១០០រូប ក្រោមអធិបតីភាព ឯកឧត្តម លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពងខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។
គោលបំណងនៃកម្មវិធីសិក្ខាសាលា ដើម្បីចែករំលែកអំពីខ្សែ សង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងបន្ថែមដែលម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅមានចំណុចខ្វះខាត។