(ភ្នំពេញ)៖ វិមានរដ្ឋធម្មនុញ្ញ ដែលស្ថិតនៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យ សម្រេចការសាងសង់បាន ៣៥ភាគរយហើយ។ នេះបើតាមលោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសាងសង់ បានប្រាប់ក្រុមអ្នកសារព័ត៌មាន។
លោកបានឱ្យដឹងបែបនេះ ក្រោយពេលលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់វិមានរដ្ឋធម្មនុញ្ញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
លោក អ៉ឹម ឈុនលឹម បានឱ្យដឹងពីបុព្វហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញយ៉ាងដូច្នេះថា ប្រទេសកម្ពុជា បានទទួលយកទស្សនទានធម្មនុញ្ញនិយមទំនើប ជាលើកដំបូងតាមរយៈរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើជាលើកទី១ នៅឆ្នាំ១៩៤៧។ រយៈពេលជិត ៨ទសវត្សរ៍ ក្រោយការចាប់បដិសន្ធិនៃរដ្ឋធម្មនុញ្ញទី១ កម្ពុជា បានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ រហូតមកដល់រដ្ឋធម្មនុញ្ញទី៦ បច្ចុប្បន្ននេះ ដែលត្រូវបានប្រកាសឱ្យប្រើក្នុងឆ្នាំ១៩៩៣ និងជារដ្ឋធម្មនុញ្ញដែលកំពុងស្ថិតនៅជាធរមាន រហូតដល់បច្ចុប្បន្ន។
បើតាមលោក អ៉ឹម ឈុនលឹម ដោយយល់ឃើញថា ក្នុងប្រវត្តិសាស្ត្រនៃការចាប់កំណើតធម្មនុញ្ញនិយម កម្ពុជាពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ ដើម្បីជានិមិត្តរូប និងជាទីសម្រាប់ប្រារព្ធពិធីអបអរខួបរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសនៅឡើយ និងដោយយល់ឃើញថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាព ធានាបាននូវអាយុកាលយូរអង្វែងទៅមុខនៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា នេះជាសម័យកាលដ៏សមគួរ ក្នុងការស្ថាបនាវិមានរដ្ឋធម្មនុញ្ញ ទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាលនៅក្នុងសម័យតេជោសន្តិភាព សម្រាប់កូនចៅជំនាន់ក្រោយបានចងចាំនូវប្រវត្តិ និងអត្ថន័យ នៃការកសាងរដ្ឋធម្មនុញ្ញ ជាសមិទ្ធផល និងជាចំណងដៃជាប្រវត្តិសាស្ត្រ ដែលកើតចេញ ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរជាតិ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបង្ហាញទស្សនាទានស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញដែរថា ផ្អែកលើខ្លឹមសារ និងគោលទស្សនៈសំខាន់ៗ ដែលមានក្នុងរដ្ឋធម្មនុញ្ញ ស្ថាបត្យករបាន ធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។ ក្នុងគោលគំនិតនេះ ស្ថាបត្យករបានរចនានូវវិមានមួយក្នុងទិដ្ឋភាព បដិរូបកម្ម ដោយការនាំយកទស្សនៈធម្មនុញ្ញនិយម មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យ កម្មដ៏កម្រមួយ ក្នុងសណ្ឋានជារូបភាពសំយោគរវាង ១៖ ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប និង២៖ ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ វិមាននេះ នឹងបានក្លាយជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏ វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿង នៃសម្ដេចអគ្គមហាសេនាបតីតេជោ។
បន្ថែមលើនេះ បើតាមលោក លី រស្មី តាមការគ្រោងទុក វិមានរដ្ឋធម្មនុញ្ញ នឹងត្រូវបានសាងសង់រួចរាល់នៅខែសីហា ឆ្នាំ២០២៣ ខណៈវាត្រូវបានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣៕