(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនបុរសវ័យចំណាស់ជនជាតិវៀតណាមម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកជំពាមដាក់គ្រាប់កាំកង់ បាញ់ចំផ្ទៃមុខក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បណ្ដាលឲ្យរងរបួស ត្រង់ក្រោមភ្នែកខាងឆ្វេង។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះឈ្មោះ សួន វ៉ាន់នី អាយុ៦ឆ្នាំ បានជិះកង់ស្គីលេងនៅលើផ្លូវបេតុង ក្នុងភូមិទៅវិញទៅមក ស្រាប់តែក្មេងស្រីស្រែកយំភ្លាមៗ ខ្ទប់មុខថាឈឺណាស់ៗ រត់ទៅប្រាប់ឪពុកឈ្មោះ តាំង សុវណ្ណ ក្រោយពីបានឃើញសភាពកូនស្រីមានរបួសហូរឈាមនៅផ្ទៃមុខ ក្រោមភ្នែកខាងឆ្វេងដូច្នោះឪពុកក៏សួរ រកអ្នកណាគប់ ឬអ្នកណាបាញ់ត្រូវកូនស្រីគាត់តែរកមិនឃើញ និងនាំទៅព្យាបាល។

លុះដល់ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគររដ្ឋបាលស្រះចក ភ្លាមនោះសមត្ថកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយឆែកកាំមេរ៉ាសុវត្ថិភាព រកឃើញជនសង្ស័យឈ្មោះ ង្វៀង យាំងងី អាយុ៧៥ឆ្នាំ ជនជាតិវៀតណាម ដែលអង្គុយក្នុងផ្ទះជាអ្នកទាញជំពាមកៅស៊ូ បាញ់មកលើក្មេងស្រីរងគ្រោះ។

ក្រោយពីកំណាត់អត្តសញ្ញាណបានសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងនៅចំណុចទីតាំងខាងលើនេះ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់។

ករណីនេះ គេមិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះទេ បានជាបុរសវ័យចំណាស់ម្នាក់នេះ សំងំលួចបាញ់កុមារីខាងលើចេញពីក្នុងផ្ទះរបស់ខ្លួនបែបនេះ ព្រោះនៅវេលាកើតហេតុ និងបញ្ជាក់ដោយកាមេរ៉ាសុវត្ថិភាពបង្ហាញថា មានក្មេងជាច្រើនកំពុងនាំគ្នារត់លេងនៅមុខផ្ទះជនដៃដល់ ប៉ុន្ដែក្មេងផ្សេងទៀត ជនដៃដល់មិនបាញ់នោះទេ ពោលចាំបាញ់តែក្មេងស្រីរងគ្រោះប៉ុន្មាន។

តាមរយៈវីដេអូដដែលនេះ បានឲ្យដឹងទៀតថា ជនដៃដល់មិនមែនបាញ់តែមួយគ្រាប់ទៅកាន់ក្មេងស្រីរងគ្រោះនោះឡើយ ពោលបាញ់ប្រហែល៣-៤គ្រាប់ ប៉ុន្ដែត្រូវតែមួយគ្រាប់ប៉ុណ្ណោះ។ យ៉ាងណាមិញ ករណីនេះនាំឲ្យមានការរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម Facebook ទៅកាន់បុរសជនដៃដល់ ហើយមហាជនសម្ដែងការហួសចិត្តជាខ្លាំង ដោយមិនសមណាបុរសវ័យចំណាស់នេះ ប្រព្រឹត្តអំពើបែបនេះទៅលើក្មេងស្រីរងគ្រោះនោះទេ៕