(ភ្នំពេញ)៖ អ្នកជំនាញរបស់កម្ពុជា-កូរ៉េ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកសិក្ខាសាលារួមគ្នាស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត (Korea-Cambodia Development Partnership Workshop: Navigating the Path for Future Cooperation)»។
សិក្ខាសាលានេះរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវថ្នាក់ជាតិសាធារណរដ្ឋកូរ៉េ (NRC)។ សម្រាប់វិគ្មិនដែលរួមរួមមាន៖ លោក ឃ្យុង ភីលហាញ (Gyeong Phil Hahn) អនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចសហប្រតិបត្តការអន្តរជាតិនៃការិយាល័យគោលនយោបាយរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ, លោកណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ផាគ ជុង វូគ (Park Jung Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកសាស្ត្រាចារ្យបណ្ឌិត ចង ហ៊េគូ (Jung, Hae-Gu) ប្រធានក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) និងអ្នកជំនាញកម្ពុជា-កូរ៉េ ជាច្រើនរូបផងដែរ។
នាឱកាសនោះដែរ លោកបណ្ឌិត សុខ ទូត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) ដែលបានផ្ដួចផ្ដើមគំនិត រៀបចំសិក្ខាសាលាអន្ដរជាតិដ៏មានអត្ថន័យ និងអត្ថប្រយោជន៍នេះឡើង ដោយសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការឧបត្ថម្ភដោយផ្ទាល់ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សិក្ខាសាលានេះ គឺជាការរួមចំណែកដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យអ្នកវិទ្យាសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនៃប្រទេសយើងទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់និងបទ ពិសោធគ្នាទៅវិញទៅមក ដើម្បីផ្តល់ជាធាតុចូលមួយយ៉ាងសំខាន់ជូនដល់រដ្ឋាភិបាលប្រទេសយើងទាំងពីរ។ ទាំងនេះស្របទៅនឹងពាក្យស្លោកមួយដែលលោកបានលើកឡើងកន្លងមកថា «ធ្វើការរួមគ្នា រីកចម្រើនទាំងអស់គ្នា»។
លោក Hahn Gyeong Phil បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។
លោកបានរំលឹកថា នៅពេលមានសង្រ្គាមបាក់បែកនៅប្រទេសកូរ៉េ គឺយើងបានយកឈ្នះលើការលំបាកដោយមានជំនួយពីសហគមន៍ អន្តរជាតិ ហើយបានរីកចម្រើនទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ ឥឡូវនេះប្រទេសកូរ៉េ ចង់ប្រគល់ជំនួយជូនពិភពលោកវិញនូវអ្វីដែលខ្លួនបានទទួល។ នេះជាចក្ខុវិស័យរបស់ប្រទេសកូរ៉េ ក្នុងនាមជា «ប្រទេសសំខាន់ក្នុងពិភពលោក» ដែលនឹងបំពេញនូវការទទួលខុសត្រូវ និងការរួមចំណែករបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ៕