(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មាន ការយល់ច្រឡំរវាងសិស្សានុសិស្ស និងគ្រូនាយករង នៃវិទ្យាល័យទួលទំពូង ដោយឲ្យសិស្សជួយចេញលុយថ្លៃបង់ទឹកភ្លើង ម្នាក់២ម៉ឺនរៀលក្នុងនោះឆ្នាំនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំទៅលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចុះស្រាវជ្រាវ និងពិនិត្យលើករណីនេះ។
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ម៉ៅ ប៉ូណែត អភិបាលរងខណ្ឌចំការមន បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះសាកសួរព័ត៌មាន និងដោះស្រាយករណីសាលាវិទ្យាល័យទួលទំពូង ប្រមូលលុយសិស្សម្នាក់២ម៉ឺនរៀល ក្នុង១ឆ្នាំ ដើម្បីបង់ថ្លៃទឹកភ្លើង។
នាយកវិទ្យាល័យទួលទំពូង បានអះអាងថា ការប្រមូលលុយពីសិស្សនេះ គឺសាលាបានប្រជុំពិភាក្សាជាមួយមាតាបិតាសិស្សរួចហើយ ដោយសុំឲ្យជួយឧបត្ថម្ភថ្លៃទឹក ភ្លើងក្នុង១ ខែ២៥០០រៀល ក្នុងសិស្សម្នាក់ តែគ្រួសាក្រីក្រខាងសាលាមិនឲ្យឧបត្ថម្ភនោះទេ ហើយមាតា បិតាសិស្ស បានយល់ព្រមតាមសំណូមពររបស់សាលា។ ការចូលរួមនេះ បានអនុវត្តរយៈពេល៣ឆ្នាំកន្លងមកហើយ។
ដោយឡែក ចំពោះការនិយាយថា «បើមិនបង់លុយហើយភ្លើងគេផ្តាច់នោះ មានតែនាំគ្នាទៅរៀនក្រោមដើមឈើហើយ» នេះជាពាក្យនិយាយលេងជាមួយសិស្សតែប៉ុណ្ណោះ ហើយលោកនាយករងរូបនេះ ក៏បានសុំទោសផងដែរ នូវការនិយាយមិនសមរម្យបែបនេះ៕