(ភ្នំពេញ)៖ លោកបណ្ឌិត Nophea Sasaki ប្រធានដេប៉ាតឺម៉ង់និងជាសាស្រ្តាចារ្យមកពីវិទ្យាស្ថានអាស៊ាននៃបច្ចេកវិទ្យា (AIT) នៅប្រទេសថៃ និងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៩ ខែសីហានេះ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងបាឋកថាមួយស្ដីពី«វីធីសាស្រ្តសរសេរគម្រោង»នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
លោកបណ្ឌិត ទ្រី ចាន់ធុច ប្រធានអង្គភាពគ្រប់គ្រងថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងឲ្យដឹងថា ដើម្បីពង្រីកពុទ្ធិ និងបទពិសោធនានាបន្ថែម លើចំណេះដឹងដែលស្រាប់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែអញ្ជើញសាស្រ្តាចារ្យ និងអ្នកជំនាញជាតិ-អន្តរជាតិល្បីៗ មកធ្វើសិក្ខាសាលា បាឋកថា ឬបំប៉នជំនាញខ្លីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងនិន្នាការរីកចម្រើនរបស់តំបន់និងភពលោក។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានពង្រឹងលើយន្តការ ដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ ក្នុងនោះការពង្រឹងសមត្ថភាពសាស្ត្រាចារ្យ និងគុណភាពសិក្សារបស់និស្សិតក្នុងបុព្វហេតុអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សឱ្យបានកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត។
លោកបណ្ឌិត Nophea Sasaki ក៏បានបង្ហាញអំពីវិធីសាស្រ្តសរសេរគម្រោងស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងវិធីសាស្រ្តសរសេរគម្រោងស្នើសុំមូលនិធិទូទៅ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការសរសេរគម្រោងស្រាវជ្រាវបែបវិទ្យាសាស្រ្ត ចាំបាច់ គឺត្រូវជ្រើសរើសប្រធានបទណាដែលពិសេស ការកំណត់លំនាំបញ្ហាដែលនាំឱ្យយើងធ្វើការសិក្សាស្រាវជ្រាវ ការកំណត់គោលបំណងស្រាវជ្រាវច្បាស់លាស់ ការកំណត់វិធីសាស្រ្តក្នុងការស្រាវជ្រាវ ដើម្បីសម្រេចនូវគោលបំណងស្រាវជ្រាវ និងការកំណត់អំពីលទ្ធផលរំពឹងទុក ដែលឆ្លើយតបទៅនឹងគោលបំណងស្រាវជ្រាវរបស់យើង។ជាមួយគ្នានេះ លោកបណ្ឌិត បញ្ជាក់ថា រាល់ការស្រាវជ្រាវបែបវិទ្យាសាស្រ្ត គឺចាំបាច់ត្រូវមានឯកសារយោង។
ដោយឡែកពាក់ព័ន្ធនឹងការសរសេរគម្រោងស្នើសុំមូលនិធិទូទៅវិញ លោកបណ្ឌិត ក៏បានលើកឡើងយ៉ាង ពិស្ដារជូនដល់សិក្ខាកាមក្នុងអង្គបាឋកថា និងបង្ហាញអំពីប្រភេទគម្រោងរបស់អាស៊ាន និងបទពិសោធសរសេរស្នើសុំមូលនិធិអាស៊ាននេះផងដែរ៕