(ភ្នំពេញ)៖ លោក Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាគ្សាការងារជាមួយ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីថា«ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងរំភើបជាពន់ពេក បន្ទាប់ពីបានឃើញនូវភាពជឿនលឿនគ្រប់វិស័យ របស់កម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង អាគារខ្ពស់ស្កឹមស្កៃលេចឡើងយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ ខណៈដែលនេះជាលើកទី២ ហើយដែលខ្ញុំមក ទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំណែកលើកទី១គឺកាលពីឆ្នាំ២០១២ ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន ។ ទោះបីជាកាលនោះកម្ពុជា ក៏បាននិងកំពុង តែ មានការអភិវឌ្ឍន៍ជាបណ្តើរ ទៅហើយក្តី តែអំលុងពេល៤ឆ្នាំ ខ្ញុំឃើញថា កម្ពុជាពិតជាមានសន្ទុះការអភិវឌ្ឍន៍រីកចម្រើនយ៉ាងលឿន គួរឲ្យកោតសរសើរ»។
ជំនួបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការវិមានសន្តិភាព ដោយមានវត្តមាន លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំបណ្តាក្រសួងផ្សេងៗ ចំណែកភាគីម៉ាឡេស៊ី ក៏មានវត្តមានអមដំណើរដោយ លោកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំកម្ពុជា និងសហការីក្រសួងឧស្សាហកម្មពាណិជ្ជកម្មម៉ាឡេស៊ីផងដែរ។
លោករដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានថ្លែងទៀតថា ការមកទស្សនកិច្ចកម្ពុជាលើកនេះ គឺក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការវិនិយោគលើវិស័យ ពាណិជ្ជកម្មរវាងកម្ពុជា ម៉ាឡេស៊ី ជាពិសេស គឺជំរុញវិស័យវិនិយោគពាណិជ្ជកម្ម ក្នុងប្រទេសជាសមាជិកអាស៊ាន។
លោកក៏បានថ្លែងនូវការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានកំណើនដល់ជាង៧% ដែលនេះមិនមែន តែជាការរក្សាកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាតែមួយប៉ុណ្ណោះទេ តែជាការចូលរួមបង្ហាញ ពីកំណើន សេដ្ឋកិច្ចសម្រាប់ប្រទេសសមាជិកអាស៊ាននៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១២ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានសន្យាផ្តល់ជំនួយជាថវិកា១លាន ដុល្លារមកស្ថាប័នគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាតាមរយៈក្រសួងឧស្សាកម្មនិងពាណិជ្ជកម្មម៉ាឡេស៊ី ដើម្បីអភិវឌ្ឍន៍លើវិស័យនានាក្នុងសហគមន៍ខ្មែរឥស្លាម ដែលក្នុងនោះ ក៏មានមួយផ្នែកសម្រាប់ការស្ថាប័នផលិតផល ហាឡាល់ ដែលជាវិស័យឧស្សាហកម្មស្តង់ដាបែបឥស្លាមផងដែរ តែថវិការនេះនៅមិនទាន់បានទទួលយកមកប្រើប្រាស់នៅឡើយខណៈដែលដំណើរការ នៃការ លើកឡើង ពីគម្រោងជាក់ស្តែងពីភាគីកម្ពុជានៅមិនទាន់បានរួចរាល់នៅឡើយ។
ទាក់ទងនឹងការបង្កើត ស្ថាប័នហាឡាល់នេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ដើម្បីដាក់ចេញឲ្យដំណើរការបង្កើតស្ថាប័ន ហាឡាល់ ដែលមានក្រសួងពាណិជ្ជកម្ម និងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាអ្នកសហការអនុវត្តកិច្ចការនេះ។ ចំណែក ភាគីម៉ាឡេស៊ីនៅរងចាំជួយជ្រោមជ្រែង និងសហការលើផ្នែកបច្ចេកទេស ដើម្បីឲ្យដំណើរបានរលូន និងឆាប់ទទួលលទ្ឋផល។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានឲ្យដឹងថា នៅសប្តាហ៍ក្រោយនេះ ក្រសួងរបស់លោក នឹងចាត់តាំងឲ្យនាយកដ្ឋានបច្ចេកទេសហាឡាល់ ដែលមាន ស្ថាប័ន JAKIM នឹងអញ្ជើញមកពិភាគ្សាការងារពីដំណើរការ នៃការប្រព្រឹត្តទៅនៃការបង្កើតស្ថាប័នហាឡាល់នៅកម្ពុជា ឲ្យមានប្រសិទ្ឋភាព ក៏ដូចជាការដាក់ចេញនូវគម្រោងពីការស្នើសុំថវិកាពីរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីអនុវត្ត ទៅតាមសាច់ការនៃការងារជាក់ស្តែង។
លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានអញ្ជើញគណៈប្រតិភូម៉ាឡេស៊ី ទស្សនកិច្ចការដ្ឋានសាង សង់នៃអាគារផ្សារទំនើប Mega Mall ជាផ្សារទំនើបមានទំហំធំជាងគេបង្អស់នៅកម្ពុជា ដែលមានក្រលាផ្ទៃប្រមាណជាង១៤ម៉ឺនម៉ែត្រការ៉េ មានកម្ពស់១១ជាន់ ក្នុងនោះ២ជាន់ ជាជាន់ក្រោមដី ។ តាមការបញ្ជាក់របស់អ្នកចាត់ការទូទៅរបស់ផ្សាទំនើបនេះ បានឲ្យដឹងថា តាមការគ្រោងអាគារនេះ នឹងបង្ហើយការសាង់សង់នៅចុងឆ្នាំ២០១៦៕