(កំពត)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណ ៣,០០០អង្គ/នាក់ ដែលនិមន្ត និងអញ្ជើញមកពី ២៥រាជធានី-ខេត្ត នឹងដង្ហែពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឡើង ទៅលើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០ ដើម្បីប្រមូលបច្ច័យ ចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ដែលសាងសង់នៅលើខ្នងភ្នំបូកគោ។
ពិធីបុណ្យផ្កាមហាសាមគ្គីដ៏ធំនេះ នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់២៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការផ្តួចផ្តើមពីព្រះវិមល សរណញាណ ចាន់ វិសាល និងព្រះចៅអធិការ វត្តពារាណសីសិរីមង្គល បានសហការជ្រះថ្លាប្រកបដោយសទ្ធា និងបញ្ញាជាមួយអ្នកឧកញ៉ាបណ្ឌិត សុខ គង់។
ដើម្បីបានចូលរួមចំណែកជ្រះថ្លា ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រនេះ ពុទ្ធបរិស័ទអាចមានឱកាស ចាប់យកកុសលផលបុណ្យ ចូលរួមភ្ជាប់និស្ស័យកសាងព្រះពុទ្ធអង្គធំនេះ ដោយសទ្ធាជ្រះថ្លា ជាពិសេសពុទ្ធបរិស័ទទាំងអស់ អាចចាប់មគ្គផលកុសលផលបុណ្យជាវព្រះអង្គតូចៗ ដែលមានទំហំកម្ពស់ ០.៣១ម៉ែត្រ បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន៤ថ្នាក់៩ជាន់ ហើយអាចចារឹកឈ្មោះផ្ទាល់ខ្លួន ឈ្មោះអ្នកមានគុណ លោកតាលោកយាយ កូន ក្មួយ ដើម្បីទទួលបានកុសលផលបុណ្យផងដែរ ហើយដំកល់ទុកនៅក្នុងខឿនក្រោមព្រះអង្គធំ ទុកជាប្រវត្តិសាស្រ្តយូរអង្វែង តគ្រប់ជំនាន់ដល់កូនចៅ ជំនាន់ក្រោយបានគោរពជាទីសក្ការ:។
អ្នកឧកញ៉ាបណ្ឌិត សុខ គង់ មានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាមុតមាំ ក្នុងការកសាងព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រនេះ ដែលមានព្រះពុទ្ធប្បដិមាអង្គធំ និងព្រះពុទ្ធរូបតូចៗ ដើម្បីបានឧទ្ទិសកុសលផលបុណ្យ ដែលយើងបានធ្វើមិនថាក្នុងជាតិនេះ ឬ គ្រប់ៗជាតិណាឡើយ និងដើម្បីការរក្សានូវអត្តសញ្ញាណជាតិ នៃវប្បធ៌មសាសនា ដោយឈរលើមូលដ្ឋារក្សាចាស់ បង្កើតថ្មី នាសម័យតេជោសន្តិភាព និងការអភិវឌ្ឍ។
ព្រះពុទ្ធប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៌ជាតិ តជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តម របស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូន ចៅជំនាន់ក្រោយ។
ព័ត៌មានលំអិតបន្ថែមសម្រាប់ សប្បុរសជនមានបំណងចូលបច្ច័យចាប់មគ្គផល កុសលផលបុណ្យ នៅក្នុងការកសាងព្រះពុទ្ធប្បដិមាកំពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ អាចទំនាក់ទំនងតាម ទូរស័ព្ទលេខ៖ ០១៤ ៧៧៧ ១០៨, ០១៥ ៧៧៧ ១០៨៕