(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ត្រូវបានប្រកាសទទួលស្គាល់ ជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជា សម្រាប់ខេត្តព្រៃវែងជំនួសលោក ជា សុមេធី ដែលត្រូវបានទទួលមុខតំណែងថ្មី។
ពិធីប្រកាសទទួលស្គាល់នេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។
កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ជូនចំពោះមន្រ្តីរាជការ ក៏ដូចជាសមាជិកអតីតយុទ្ធជនទាំងអស់ គឺសម្ដេចទាំងបី មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ច ចំពោះអតីកាលដែលធ្លាប់រួមអាវុធជាមួយគ្នា ព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ គឺលោកទេសរដ្ឋមន្ត្រី បានណែនាំ និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ការលំបាក ក្នុងជីវភាពរស់នៅ របស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនឱ្យបានល្អថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរដែនដី សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឱ្យបានល្អ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើង ទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។
លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានលើកឡើងថា ការប្រកាសទទួលស្គាល់ ជាប្រធានកិត្តិយសសមាគមន៍អតីយុទ្ធជនខេត្តព្រៃវែង នាពេលនេះគឺជាការបំពេញនូវរចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង និងការទទួលខុសត្រូវ លើការងារសមាគមអតីតយុទ្ធជន ដែលជាភារកិច្ចដឹកនាំបន្ត ដើម្បីឆ្លើយតបទៅនឹងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ក៏ដូចជាដើម្បីពង្រឹងការគ្រប់គ្រងរចនាសម្ព័ន្ធ ចាប់ពីថ្នាក់ខេត្តរហូតដល់ស្រុក ក្រុង ឃុំ សង្កាត់ ។
លោកអភិបាលខេត្តបានប្តេជ្ញា បន្តចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ជាក្រុមតូចៗ ជាពិសេសការនាំយកថវិកាបេឡា មរណៈសង្គ្រោះ ការប្រគល់កថវិការធានារ៉ាប់រងសង្គម ដល់គ្រួសារសពសមាជិកសមាគម អតីតយុទ្ធជនដល់លំនៅឋាន។ លោកបន្តចុះជួបសួរសុខទុក្ខ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ដើម្បីស្វែងយល់ពីស្ថានភាព ជីវភាពរស់នៅ និងសុខភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ និងពង្រឹងការងារដឹកនាំសមាគមន៍គ្រប់ថ្នាក់ យកចិត្តទុកដាក់ការរៀបចំចងក្រង តាមភូមិ ឃុំ-សង្កាត់នីមួយៗដើម្បីងាយស្រួល ជួយដោះស្រាយអន្តរាគមន៍បានទាន់ពេលវេលា៕