(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការ​គាំទ្រក្រុមហ៊ុន China Huaneng Group ដែលបានធ្វើសកម្មភាពវិនិយោគសាងសង់វារី​អគ្គិ​ស​នីនៅកម្ពុជា។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននេះ ចូលរួមបណ្តុះបណ្តាលផ្នែក​អគ្គិសនី ដើម្បីលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋខ្មែរនៅក្នុងវិស័យនេះ។

ឈរលើស្មារតីកៀរគរការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងការងារជូនប្រជាពលរដ្ឋនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែ​បង្អង់​នោះ​ឡើយទោះបីចំណាយពេលលើយន្តហោះច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី បានជួប​ជា​​មួយនឹងក្រុមវិនិយោគធំៗរបស់ចិនជាបន្តបន្ទាប់។

នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ដដែលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែង​ការ​គួរ​សម និងពិភាក្សាការងារ​។ ក្រុមហ៊ុន China Huaneng Group គឺជាក្រុមហ៊ុនផ្នែកថាម​ពលអគ្គិសនី ហើយក្រុមហ៊ុនបានវិនិយោគសាងសង់វារីអគ្គិសនីនៅកម្ពុជាផងដែរ។

ក្នុងជំនួបនោះ លោក វិន ស៊ូកាំង បានថ្លែងអំណរគុណសម្តេចអធិបតី ដែលបានអនុញ្ញាតឱ្យ​រូបលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​។ លោក វិន ស៊ូកាំង ក៏បានសម្តែងការអបអរសាទរ ជូនសម្តេចអធិបតី ដែលត្រូវបានប្រជាពលរដ្ឋ និង​រដ្ឋ​សភាបោះឆ្នោតគាំទ្រដឹកនាំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអរគុណចំពោះការអបអរសាទរ និងបានវាយតម្លៃខ្ពស់ ចំពោះ​ជោគជ័យ​របស់ក្រុមហ៊ុន​ ក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជា ជាពិសេស​ការកសាង​ទំនប់​វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុក​ជា​ស្ថានីយគំរូ​មួយ តាមរយៈការធានាបាននូវបរិស្ថានល្អ។

សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជាស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និង​ទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែម អំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជន ឱ្យកាន់តែប្រសើរឡើង។ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុន​អភិវឌ្ឍប្រព័ន្ធថាម​ពល​ស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។

សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេច​ធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏​បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធាន​មនុស្ស​លើ​វិស័យ​អគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើក​ទឹក​ចិត្តឱ្យ​ក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាង​មុខ។

ជាការឆ្លើយតប លោក វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការ​នាំ​យកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ និង​ពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជន​កម្ពុជា​ផង​ដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់​ជាថ្មីនូវជំហរស្វាគមន៍ និងការគាំទ្ររបស់​រាជ​រដ្ឋា​ភិបាល ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវ​ការសង្គម​ សេដ្ឋ​កិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕