(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​គាំទ្រចំពោះសកម្មភាពវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសផ្លូវល្បឿន​លឿនពីសំណាក់ក្រុមហ៊ុន China Road and Bridge Corporation (CRBC) របស់​ចិន។ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តសហការជាមួយក្រុមហ៊ុន ដើម្បីឈាន​ទៅសម្រេចលើគម្រោងនានា ទាំងកំពុងសិក្សា និងកំពុងសាងសង់។

ឈរលើស្មារតីកៀរគរការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងការងារជូនប្រជាពលរដ្ឋនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែ​បង្អង់​នោះ​ឡើយទោះបីចំណាយពេលលើយន្តហោះច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី បានជួប​ជា​​មួយនឹងក្រុមវិនិយោគធំៗរបស់ចិនជាបន្តបន្ទាប់។

បន្ទាប់ពីបានជួបជាមួយក្រុមហ៊ុនផ្នែកថាមពលអគ្គិសនីហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធានក្រុមហ៊ុន CRBC និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន CRBC គឺជាក្រុមហ៊ុនមួយ កំពុងវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ គម្រោងដែលក្រុមហ៊ុន បានសាងសង់នោះ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ​-បាវិត ហើយក៏កំពងុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបផង​ដែរ។

ក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះ​លោក ​វ៉ាង តុងជូ និងគណៈប្រតិភូក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ក្រុម​ហ៊ុន China Communications Construction Company Limited ដែលបាន និង​កំពុង​វិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

សម្តេចធិបតី ក៏បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលក្រុមហ៊ុន CRBC សម្រេច​បាន​នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្វែងយល់ និងការពិនិត្យ​លទ្ធភាព​លើ​វិស័យដែលមានសក្តានុពលផ្សេងទៀតនៅកម្ពុជា។

លោក វ៉ាង តុងជូ បានសម្តែងការអបអរសាទរ ចំពោះសម្តេចធិបតី ត្រូវបានប្រជាពលរដ្ឋ និង​រដ្ឋសភា បោះឆ្នោតគាំទ្រ​ដឹកនាំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងបានគោរពថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅសម្រាប់ការអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូក្រុមហ៊ុន ចូលជួប​សម្តែង​ការគួរសម។

លោក វ៉ាង តុងជូ ក៏បានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីគម្រោងវិនិយោគផ្លូវថ្នល់​កំពុង​ដំណើរការនៅកម្ពុជា ក៏ដូចជាគម្រោងថ្មីៗដែលក្រុមហ៊ុនកំពុងសិក្សា និងវាយតម្លៃ ព្រម​ទាំង​គោ​រពស្នើសុំកិច្ចសហការ និងការជួយសម្របសម្រួលបន្ថែមទៀតពី​រាជរដ្ឋាភិបាល​កម្ពុជា។

សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវ​លឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេសការលើកកម្ពស់ភាពប្រកួត​ប្រជែង​​របស់កម្ពុជា តាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក។ ចំពោះគម្រោងដែល​កំពុង​សិក្សា និង​វាយ​តម្លៃនោះ សម្តេចធិបតី បានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿនកិច្ចការទាំងនេះ ដោយបន្តកិច្ច​សហ​ប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត។

សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្រប​សម្រួល ដើម្បីធានាឱ្យបាននិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោងដែលកំពុង​សិក្សា​ទាំង​នោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRBC ដែលបានចូលរួមចំណែកក្នុង​កិច្ច​ដំណើរ​ការអភិវឌ្ឍនៅកម្ពុជា តាមរយៈការសម្រេចបាននូវគម្រោងវិនិយោគផ្លូវថ្នល់នានា ជាពិសេសផ្លូវលឿនភ្នំពេញ-ព្រះសីហនុ។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលបន្តទៅមុខ​ទៀត​ជាមួយក្រុមហ៊ុន និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន CRBC បន្តការវិនិយោគបន្ថែមទៀត​នៅ​កម្ពុជា៕

<scri