(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះថា ឯកសណ្ឋានអត្តពលិករបស់ក្រុមកម្ពុជា បានជាប់ឈ្មោះជាឯកសណ្ឋានស្អាតជាងគេ ទាំង២៤ប្រទេស នៅក្នុងចំណោមប្រទេសដែលចូលរួមទាំងអស់ ចំនួនជាង២០០ប្រទេស អំឡុងពេលបើកកម្មវិធីអូឡាំពិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។
ឯកសណ្ឋានពណ៌ស្វាយ អមជាមួយការស្លៀកពាក់បែបសាមញ្ញផងនោះ ក្នុងកម្មវិធីបើកអូឡាំពិកក្រុមកម្ពុជា ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្លៀកពាក់បែបនេះមើលទៅប្លែកនិងខុសគេផងដែរ។ យោងតាមព័ត៌មាន Telegraph បានសរសេរនិងហៅការស្លៀកពាក់របស់កម្ពុជាថា មានរបៀបរៀបរយ សាមញ្ញ តែពោរពេញដោយសេចក្ដីថ្លៃថ្នូរ និងតំណាងឱ្យមានសម្បូរសប្បាយថែមទៀតផង។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា នេះគឺជាមោទនភាពរបស់ជាតិយើងទាំងអស់គ្នា ព្រោះត្រូវបានអន្តរជាតិលើក តម្កើនសរសើរវប្បធម៌របស់យើង ជាមួយនឹងការស្លៀកពាក់ប្រកបដោយទន់ភ្លន់, លោកបន្តថា ការប្រកួតចាញ់ឈ្នះជាបញ្ហាសំខាន់មួយ ប៉ុន្តែការទទួលបានជោគជ័យលើ សម្លៀកបំពាក់ប្រកបដោយសេចក្តីថ្លៃថ្នូរនេះជា ការលើកទឹកចិត្តមួយដល់កីឡាកររបស់យើងយ៉ាងខ្លាំង ក្នុងនាមប្រទេសមួយដែលមានឯករាជ្យភាពពិតប្រាកដ និងមានភាពស្មើមុខ ស្នើសិទ្ធិ នៅលើឆាកអន្តរជាតិ។
ប្រធានគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា បានសម្តែងនូវសេចក្តីសង្ឃឹមថា កីឡាករ-កីឡាការិនី របស់កម្ពុជា នឹងអាចដណ្តើមជ័យជំនះនៅក្នុងការប្រកួតអូឡាពិក Olympic 2016 នៅទីក្រុង Rio ប្រទេសប្រេស៉ីលនេះ ជូនប្រទេសជាតិរបស់យើងទាំងអស់គ្នា៕