(តាកែវ)៖​ ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសេវាព្យាបាលសុខភាពផ្លូវចិត្តអ្នកញៀនគ្រឿងញៀនក្នុងខេត្តតាកែវប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយមានការចូលរួមពីវិស័យសុខាភិបាល កងកម្លាំងនិងអ្នកពាក់ព័ន្ធនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ​ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត តាកែវ បានថ្លែងថា​ ការព្យាបាលអ្នកញៀនគ្រឿងញៀន​ ត្រូវការការជួយគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ។

ថ្លែងក្នុងនាមលោក អ៊ូច ភា អភិបាលនិងប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ លោលវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា ថ្លែងការកោតសសើរ អរគុណ ដល់កិច្ចខំប្រឹងប្រែងផ្តល់សេវាសុខភាពមានប្រសិទ្ធភាពពិសេសជួយព្យាបាលអ្នកញៀនគ្រឿងញៀនដែលពួកគេត្រូវការការជួយពីក្រុមគ្រូពេទ្យជំនាញ ហើយការព្យាបាលអ្នកញៀនគ្រឿងញៀនត្រូវការការជួយគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ។

ជាមួយគ្នានេះវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា បានសំណូមពរដល់គណកម្មការសម្របសម្រួលការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ជួយជម្រុញឱ្យអ្នកញៀនគ្រឿងញៀនឱ្យទទួលបានសេវានៅមន្ទីពេទ្យបង្អែកខេត្តតាកែវ មណ្ឌលសុខភាពឧត្តមសូរិយា មន្ទីរពេទ្យបង្អែកអង្គរការ បាទី គីរីវង់ ព្រៃកប្បាស និងមណ្ឌលសុខភាពរមេញ៕