(ភ្នំពេញ)៖ ស្ថាប័នតុលាការ និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះទៅស្វែងរកតម្រុងភស្ដុតាងបន្ថែមទៀត នៅគ្លីនិក ប៉ខាង ដែលពាក់ព័ន្ធករណីស្លាប់នារីជនជាតិកូរ៉េម្នាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣១ ផ្លូវ២៨២ ភូមិ៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីខែមិថុនា ឆ្នាំ២០២៣ នៅពេលមកធ្វើធ្មេញ។

ការចុះប្រមូលភស្ដុតាងបន្ថែមទៀតនេះ ដឹកនាំដោយ លោក ស សំណាង ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ, តំណាងអយ្យការ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលខណ្ឌបឹងកេងកង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជាលទ្ធផល ស្ថាប័នតុលាការ បានសម្រេចដកហូតវត្ថុចាប់យក ជាកូនសៀវភៅណែនាំប្រើប្រាស់ថ្នាំ Propofol Lipuro 10mg/ml ចំនួន១ច្បាប់។ ក្រោយពីឆែកឆេរគណកម្មការសម្រេចបិទផ្ទះបណ្តោះអាសន្ន។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋានរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចគ្លីនីក ប៉ខាង។ ជនសង្ស័យទាំង២នាក់នោះ គឺជាម្ចាស់គ្លីនិកនេះតែម្ដង។

*ទី១៖ ឈ្មោះ LAI WENSHAO អាយុ៣០ឆ្នាំ ជាប្តី
*ទី២៖ ឈ្មោះ CAI HUIJUAN អាយុ៣៩ឆ្នាំ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។

ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។

ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល៕