(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញ​បំណង​​ចង់​ឃើញក្រុមហ៊ុនផ្នែកថាមពលដ៏ធំមួយរបស់ចិន ចូលរួមវិនិយោគលើថាមពលស្អាត​នៅកម្ពុជា ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ឈរលើស្មារតីកៀរគរការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងការងារជូនប្រជាពលរដ្ឋនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែ​បង្អង់​នោះ​ឡើយទោះបីចំណាយពេលលើយន្តហោះច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី បានជួប​ជា​​មួយនឹងក្រុមវិនិយោគធំៗរបស់ចិនជាបន្តបន្ទាប់។

ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគផ្នែក​ថាម​ពលរបស់ចិន បានក្លាយជាក្រុមហ៊ុន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូល​ជួបសម្តេចមុនគេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd.។ លោក ហាន ស៊ាជុន ក៏បានថ្លែងអំណរគុណសម្តេចធិបតី យ៉ាង​ជ្រាលជ្រៅផងដែរ ដែលសម្តេចចំណាយវេលាដ៏មានតម្លៃ ឱ្យលោកចូលជួបសម្តែង​ការគួរ​សម និងពិភាក្សាការងារ។​

លោក ហាន ស៊ាជុន ក៏បានឆ្លៀតយកឱកាសនោះ សម្តែងការអបអរសាទរ ជូនសម្តេចធិបតី ត្រូវបានប្រជាពលរដ្ឋ និងរដ្ឋសភាបោះឆ្នោតគាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧។​

លោក ហាន ស៊ាជុន ក៏បានរាយការណ៍ជូនសម្តេចធិបតី អំពីប្រវត្តិ និងដំណើរ​ការ​អាជីវកម្ម ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន SINOMACH Heavy Equipment Group នៅ​កម្ពុជា ចាប់តាំងពីឆ្នាំ២០០៧។ បើតាមលោក ស៊ាជុន ក្រុមហ៊ុន SINOMACH មានគម្រោង​ជាច្រើន ក្នុងទំហំទឹកប្រាក់រហូត​ដល់ជិត ៣ប៊ីលានដុល្លារអាមេរិក ហើយមាន​ការគាំទ្រ និង​កិច្ចសម្របសម្រួលយ៉ាង​កក់ក្តៅ​ពី​រាជរដ្ឋាភិបាល។ ក្រុមហ៊ុនបានរីកលូតលាស់ និងបាន​សម្រេចនូវ​​សមិទ្ធផលជាទី​មោទនៈ​ជា​ច្រើន ជាពិសេសក្នុងការសាងសង់បណ្តាញអគ្គិសនី និង​រោងចក្រថាមពលអគ្គិសនី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលថ្មី នៅតែ​បន្ត​គាំ​ទ្រ សហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះគម្រោងទាំងអស់ ដែលផ្តល់​ផល​​ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយ​របស់រាជ​រដ្ឋាភិ​បាល។

សម្តេចធិបតី ក៏បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយ​ក្រុម​ហ៊ុន ដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើក​កម្ពស់​ស្ថិរភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ដូចជាគម្រោងក្នុងវិស័យ​ថាម​ពលស្អាត ដែលមានចីរភាព និងតម្លៃសមរម្យជាដើម។ សម្តេចធិបតី សង្ឃឹមយ៉ាង​មុត​មាំថា ក្រុមហ៊ុននឹងបន្តវិនិយោគ និងផ្តល់កិច្ចសហការនៅក្នុងគម្រោងទាំងនេះ ដែលក្រុមហ៊ុន​មាន​ជំនាញ និងមានឧត្តមភាពស្រាប់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបង្ហាញជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្រ​របស់​រាជ​រដ្ឋា​ភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាម​តម្រូវ​ការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយ​របស់រាជរដ្ឋាភិបាល៕