(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (LOSCBA) ជាមួយក្រុមហ៊ុន Simple Group (SG) របស់ប្រទេសសិង្ហបុរី ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីទាក់ទាញវិនិយោគិន​ មកបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើន។ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យភស្តុភារ និងការផ្គត់ផ្គង់ ឧស្សាហកម្ម និងពាណិជ្ជកម្ម។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានឲ្យដឹងថា ជាមួយនឹង MoU នេះ វានឹងមានឱកាសកាន់តែច្រើន ត្រូវបានបង្កើតឡើងសម្រាប់អ្នកវិនិយោគ ក៏ដូចជាសមាជិករបស់សមាគម សម្រាប់ការអភិវឌ្ឍអាជីវកម្ម ការកសាងសមត្ថភាព កម្មវិធីផ្លាស់ប្តូរ និង/ឬបណ្តាញអាជីវកម្ម ជាដើម។

លោកសង្ឃឹមថា LOSCBA និង SG នឹងចូលរួមក្នុងដំណើរនេះជាមួយគ្នា ធ្វើការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា ដែលកំពុងពិចារណាថា ជាឧបសគ្គសម្រាប់សមាជិករបស់យើង ទាក់ទងនឹងការដឹកជញ្ជូន និងច្រវាក់ផ្គត់ផ្គង់ និងវិស័យអាជីវកម្មផ្សេងទៀត។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ជាប្រទេសនាំចូលដូចជាសម្ភារសំណង់ សម្ភារស្បែកជើង និងសម្លៀកបំពាក់ អាហារ និងផលិតផលចាំបាច់មួយចំនួនដែលត្រូវការផលិតសម្រាប់នាំចេញ និងលក់ក្នុងស្រុក។

សម្រាប់ពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសឹង្ហបុរី បានកើនឡើងគួរឲ្យចាប់អារម្មណ៍ ៥៦៥.២ភាគរយ ក្នុងចន្លោះខែមករា ដល់ខែមិថុនា រយៈពេលពាក់កណ្តាលឆ្នាំ ក្នុងឆ្នាំ២០២៣ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឈានដល់ ៤១៥ លានដុល្លារ។ តួលេខនេះបើយោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបំផុត ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE)។

បើតាមលោក ជា ចាន់ដារ៉ា ក៏សង្ឃឹមដែរថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងមានភាពប្រសើរឡើង ក្នុងការធ្វើអាជីវកម្មបន្ថែមទៀតសម្រាប់ប្រទេសទាំងពីរ គឺប្រទេសកម្ពុជា សិង្ហបុរី និងពិភពលោក
បន្ថែមពីលើឧស្សាហកម្មភស្តុភារ ចាំបាច់ត្រូវផ្តល់សេវាកម្មល្អនៃការដឹកជញ្ជូន ឃ្លាំង និងដំណើរការឯកសារដឹកជញ្ជូន ដើម្បីឱ្យមានភាពរហ័សរហួនសម្រាប់ការដឹកជញ្ជូនដល់អតិថិជន។ កម្ពុជា មានផលិតផលចម្រុះ ហើយព្យាយាមពង្រឹងខ្លួនឯង ដើម្បីបង្កើនការនាំចេញ ជាពិសេសផលិតផលកសិកម្ម ដែលគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលកម្ពុជា។

លោក Jun Hao Seah តំណាងឲ្យក្រុមហ៊ុន Simple Group បានសម្តែងក្តីរីករាយ ដែលបានចុះ MoU ជាមួយ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។ លោកបន្តថា នេះជាការប្តេជ្ញាចិត្ត របស់ភាគីទាំងពីរ ក្នុងការសម្រួលដល់វិនិយោគិន/សមាជិក ក្នុងការជួប និងផ្លាស់ប្តូរផលិតផលដោយការនាំចេញនាំចូល និងពាណិជ្ជកម្មផ្សេងទៀត ដែលជាតម្រូវការរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹង MoU នេះដែរ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក៏បានរៀបចំពិធីជំនួបរវាងម្ចាស់អាជីវកម្ម មកពីប្រទេសសឹង្ហបុរីដែលមានចំនួន ១០ក្រុមហ៊ុន ដើម្បីឲ្យសមាជិករបស់សមាគម មានឱកាសក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយម្ចាស់អាជីវកម្មមកពីសឹង្ហបុរី រួមមាន៖ ក្រុមហ៊ុននាំចូលផ្លែឈើ អ្នកលក់ដុំ, ក្រុមហ៊ុន ឡូជីស្ទ៉ីក, ក្រុមហ៊ុនចែកចាយទឹកដោះគោ និងចំណីអាហារ, ក្រុមហ៊ុនតំណាងហ្វ្រេនឆាយ និង ចំណីអាហារ, ក្រុមហ៊ុនបណ្តាញនាំចូលចំណីអាហារ, ក្រុមហ៊ុនចែកចាយចំណីអាហារ និងឃ្លាំងត្រជាក់, គ្រឿងលំអរ សម្លៀកបំពាក់ គ្រឿងសំអាង ដៃគូវិនិយោគ បណ្តាញនាំចូល, ក្រុមហ៊ុនអចលនទ្រព្យ ដឹកជញ្ជូន E-commerce, ក្រុមហ៊ុន មណ្ឌលឱសថ មន្ទីពេទ្យ Clinics និងដៃគូ សហការផ្សេងៗទៀត៕