(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យស្ថានភាព​ និង​វឌ្ឍនភាពនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។

ការចុះមកនេះ ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកម្ពស់អប់រំក្នុងវិស័យសុខាភិបាលនៅកម្ពុជា។

បន្ទាប់ពីបានពិនិត្យមហាវិទ្យាល័យ​វេជ្ជសាស្រ្ត​ ឱសថសាស្រ្ត​ ទន្តសាស្រ្ត​​ និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៅគ្រប់ទីតាំង មានដូចជា​៖ មជ្ឈមណ្ឌលប្រឡងអេឡិចត្រូនិក, មន្ទីរពិសោធន៍បង្ហាញត្រាប់, បណ្ណាល័យ ទាំងអស់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលរួចមក លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំនៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល និងបានពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងបានផ្តល់ជាអនុសាសន៍ដើម្បីជំរុញលើកកម្ពស់ការអប់រំក្នុងវិស័យសុខាភិបាលបន្ថែមទៀត។

ទន្ទឹមនឹងនោះ​លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី​ ឈាង​ រ៉ា​ បានណែនាំឲ្យមានការយកចិត្តទុកដាក់ទៅលើការ៖

*ពង្រឹងគុណភាពបង្រៀនដោយពិនិត្យលើកម្មវិធីសិក្សានៅគ្រប់កម្រិតសិក្សា

*ពង្រឹងគុណភាពបង្រៀនដោយផ្តោតលើគរុកោសល្យបង្រៀនរបស់គ្រូ ឬសាស្រ្តាចារ្យ

*ជំរុញឲ្យមានការបង្រៀន  ឬការបង្ហាត់គ្លីនីក ដោយផ្ទាល់ ជាមួយគ្រូឬសាស្រ្តាចារ្យដោយផ្ទាល់

*ពង្រឹងការបង្រៀនមុខវិជ្ជាក្រមសីលធម៍វីជ្ជាជីវៈ និងច្បាប់ក្នុងវិស័យសុខាភិបាល

*ពង្រឹងបន្ថែមនូវទំនាក់ទំនងភាពជាដៃគូររវាងសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ និងមន្ទីរពេទ្យគ្រប់កំរិត៕