(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសរក្សាសកម្មភាពរបស់សមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដែលមានកន្លងមកឱ្យដដែល និងផ្តល់ការគាំទ្រដូចអ្វីដែលអតីតរដ្ឋមន្ត្រីលោក ខៀវ កាញារីទ្ធ បានធ្វើ។ បន្ថែមពីនេះ គឺបន្ដរក្សាសកម្មភាព និងរួមសាមគ្គីគ្នាបន្ថែមទៀត ដើម្បីឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិអាណត្តី៧។

ការប្រកាសបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក និងលោកស្រី ទុយ សិរីរតនៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដែលបានធ្វើឡើងនៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

លោកស្រី សន ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានធ្វើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារ សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ឆ្នាំ២០២៣ និងលើកទិសដៅត្រូវអនុវត្តន៍នៅក្នុងអាណត្តិទី៧។

លោកស្រី សន ម៉ារ៉ា បានឱ្យដឹងថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ៍ សាខាក្រសួងព័ត៌មាន ក្រៅអំពីការងារលើវិស័យព័ត៌មាន បានរួមចំណែកកសាងសមិទ្ធផលនានា ក្នុងវិស័យអាណាចក្រ និងពុទ្ធិចក្រ ដែលសុទ្ធសឹងផ្តើមចេញពីឆន្ទៈមនសិការបស់នារី នៃក្រសួងព័ត៌មាន រហូតទទួលបានការ គាំទ្រ និងលើកសសើរពីប្រមុខរាជរដ្ឋាភិបាលផងដែរ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណចំពោះលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ខៀវ ទេព រង្សុី កាញារីទ្ធ ប្រធានកិត្តិយសសមាគម ដែលបានខិតខំប្រឹងប្រែងកសាងសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ឱ្យដំណើរការតាំងតែពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលទាំងនេះគឺជាគុណូបការៈដ៏ធំ របស់លោកទាំងពីរបានបន្សល់ទុកជាកកេរដំណែលរបស់ក្រសួងព័ត៌មាន។

ជាមួយនេះ លោករដ្ឋមន្ត្រីក៏សូមអរគុណដល់លោក លោកស្រី ជាសមាជិក សមាជិកា សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានខិតខំបំពេញកិច្ចការងារប្រកបដោយ ការទទួលខុសត្រូវ ប្រសិទ្ធិភាព និងគុណភាព ហើយកន្លងមកនេះបានបង្ហាញនូវសាមគ្គីភាព យ៉ាងរឹងមាំក្រោមការដឹកនាំរបស់លោកស្រី ខៀវ ទេព រង្សុី កាញារីទ្ធ និងមានការគាំទ្រពីលោក ខៀវ កាញារីទ្ធ ផ្ទាល់ទៅលើកិច្ចការងារនេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកសមាជិក សមាជិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារសង្គមដូចជា ការចុះចែកជូនអំណោយដល់ជនរងគ្រោះនៅតាមមូលដ្ឋានជួយសង្រ្គោះដល់ចាស់ជរា ខ្វះខាតជីវភាព ការផ្តល់សម្ភារសិក្សា ជូនដល់កុមារទីទ័លក្រ ផ្តល់ជូននូវអំណោយ និងអាហារជូនដល់មណ្ឌលកុមារពិការ និងអូទីស្សឹមនៅក្រុងតាខ្មៅ ព្រមទាំងចូលរួមចំណែកកសាងអភិវឌ្ឍន៍វិស័យសាសនា ក៏ដូចជាការខិតខំបណ្តុះបណ្តាលកសាងសមត្ថភាពដល់នារី ក្នុងវិស័យសារព័ត៌មាន ជាដើម។ ជាជំហានទៅមុខទៀត សមាជិក សមាជិការសមាគមនារីក្រសួងព័ត៌មានទាំងអស់បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ បង្កើនសកម្មភាពបន្តទៀតទៅលើសកម្មភាពទាំងអស់ដែលបានធ្វើហើយអ្វីដែលសំខាន់គឺការគិតគូរបង្កើនសមត្ថភាពថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យសមាគមនារីនៃក្រសួងព័ត៌មានរបស់យើងកាន់តែមានភាពលេចធ្លោឡើង៕