(ភ្នំពេញ)៖ យុទ្ធនាការ «មិនប្រើប្រាស់ថង់ប្លាស្ទិក» ដែលដាក់ចេញដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កំពុងអនុវត្តន៍យ៉ាងផុលផុសនៅតាមសាលារៀននានានៅទូទាំងប្រទេស។
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ មានសាលារហូតដល់ទៅ២៨ និងសិស្សចំនួន ១៤,៤១២នាក់នៅទូទាំងប្រទេស បានប្រកាសប្តេជ្ញាចិត្តចូលរួមអនុវត្តន៍យុទ្ធនាការ «មិនប្រើប្រាស់ថង់ប្លាស្ទិក»។ ការប្រកាសប្តេជ្ញាចិត្តចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សនៅតាមសាលារៀន គឺជាក្តីសង្ឃឹម និងជាចរន្តដ៏ល្អមួយ ដើម្បីឈានឆ្ពោះទៅកាត់បន្ថយឱ្យបានខ្ពស់បំផុតលើការប្រើប្រាស់ថង់ប្លាស្ទិកក្នុងសង្គមកម្ពុជា។
ក្នុងនាមជាអ្នកដាក់ចេញនូវយុទ្ធនាការនេះ លោក អ៊ាង សុផល្លែត បានបង្ហាញនូវក្តីរីករាយជាខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងនេះ។
«ក្នុងនាមក្រសួងបរិស្ថាន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងក្មួយៗជាទីស្រលាញ់ទាំងអស់ ដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»។ នេះជាការពាក្យពេចន៍ថ្លែងអំណរគុណប្រកបដោយក្តីរីករាយរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ការចូលរួមរបស់របស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នឹងជួយធ្វើឱ្យបរិស្ថានប្រទេសស្រស់ស្អាត គ្មានជាតិពុល ដែលជាទីមនោរម្យសម្រាប់ខ្មែរគ្រប់រូប។
បើទោះបីជាយ៉ាងណាលោករដ្ឋមន្ត្រី បន្តអំពាវនាវដល់លោកគ្រូ អ្នកគ្រូ មេត្តាជួយជំរុញយុទ្ធនាការនេះឱ្យបានកាន់តែផុលផុសថែមទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀន។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងធំ ឆ្ពោះទៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងសង្គមកម្ពុជា។
ចាប់តាំងពីថ្ងៃប្រកាសដាក់ចេញយុទ្ធនាការកាលពីថ្ងៃទី១ ខែកញ្ញា រហូតមកដល់ពេលនេះ មានសាលារៀនចូលរួមក្នុងយុទ្ធនាការដ៏មានគុណតម្លៃសម្រាប់បរិស្ថានសរុបចំនួន ៨០សាលា ដោយមានសិស្សានុសិស្សចូលរួមសរុបប្រមាណ ៧៩,០៦៨នាក់ នៅរាជធានី ខេត្តរួមមាន៖ ខេត្តត្បូងឃ្មុំ, ខេត្តសៀមរាប, ខេត្តប៉ៃលិន, ខេត្តព្រៃវែង, ខេត្តកំពត, ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ...។
ថង់ប្លាស្ទិកជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងរីករាលដាលនៅលើសកលលោក។ ជារៀង រាល់ឆ្នាំសំណល់ប្លាស្ទិកចំនួន ៣០០លានតោន ត្រូវបានបង្កើត ហើយត្រូវការរយៈពេល ១ពាន់ឆ្នាំ ដើម្បីរលាយ។ បញ្ហានេះ ក៏កំពុងកើតឡើងនៅកម្ពុជាផងដែរ។ កំណើនប្រជាជន និងការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សបាននាំឱ្យបរិមាណសំណល់មានការកើនឡើងយ៉ាងខ្លាំង។ នៅរាជធានីភ្នំពេញ សំណល់ជាំង ៣,៥០០តោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ដែលក្នុងនោះ ២០ភាគរយជាប្លាស្ទិក។
ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ដើម្បីចូលរួមការពារ ពង្រឹង ការគ្រប់គ្រងបរិស្ថាន ក្រសួងបរិស្ថានបានបង្កើតច្បាប់ បទដ្ឋានគតិយុត្ដជាច្រើនក្នុងនោះមានច្បាប់ធំៗ ក្នុងនោះក្រមបរិស្ថានដែលមានវិសាលភាពគ្របដណ្ដប់លើការងារពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិដោយការធ្វើសមាហរណកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធដែលមានស្រាប់។ ទន្ទឹមនេះប្រជាពលរដ្ឋមានការចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថាន ហើយបានចាត់ទុកទីក្រុង ទីប្រជុំជន ភូមិឋាន និងផ្ទះដែលកំពុងរស់នៅ ដែលចាំបាច់ត្រូវតែស្អាត មានអនាម័យជាប្រចាំ ដើម្បីរក្សាសោភណភាពមូលដ្ឋាន និងលើកតម្កើងសុខុមាលភាពសាធារណៈ៕