(កំពង់ស្ពឺ)៖ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន តំណាងបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសតែងតាំងលោក ចាន់ថេត ថានរៈ ជាប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ ថ្មីជំនួសលោក ឱម ម៉ាកធារី ដែលត្រូវចូលនិវត្តន៍។

នាឱកាសនោះដែរ លោក ផៃ ប៊ុនឈឿន បានលើកឡើងថា ព្រៃឈើ សត្វព្រៃ គឺជាធនធានធម្មជាតិមិន អាចខ្វះបាននិងក៏ជាអេកូទេសចរណ៍ដ៏សំខាន់ សម្រាប់ខេត្តកំពង់ស្ពឺ ខណៈខេត្តនេះសំបូរ ទៅដោយសហគមន៍ទេសចរណ៍ធម្មជាតិ និងកែច្នៃរាប់សិបកន្លែង។ ដូច្នេះមន្ទីរជំនាញបរិស្ថានខេត្ត ពិសេសប្រធានមន្ទីរទើបឡើងថ្មី ត្រូវតែយកអស់កម្លាំងកាយចិត្ត សហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ពន្ធ័ ពិសេសអយ្យការតុលាការ ដើម្បីបង្ការទប់ស្កាត់ និងគ្រប់គ្រងឱ្យបាននូវធនធានធម្មជាតិ ដែលនៅសេសសល់តិចតួចនេះ ឱ្យស្ថិតនៅគង់វង្ស។

លោក ផៃ ប៊ុនឈឿន បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្នបានក្លាយជាខេត្តឧស្សាហកម្មទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ ដែលមានរោងចក្រសហគ្រាសច្រើនទី២ បន្ទាប់ពីខេត្តកណ្តាល។ ថ្វីត្បិតខេត្តនេះទើបតែរួចផុតពីការញាំញីដោយភ្លើងសង្គ្រាម តែខេត្តនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងស៊ីវិល័យក្រោមនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល។

ជាមួយនឹងកំណើនរោងចក្រសហគ្រាសយ៉ាងច្រើនដែលកំពុងដំណើរការ និងផ្តល់ការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋានសំបូរបែបប្រធានមន្ទីរបរិស្ថានខេត្តក៏ត្រូវបន្តយកចិត្តទុកដាក់​ បញ្ហាសំរាម កាកសំណល់រាវ និងរឹងនៅតាមទីប្រជុំជន ដើម្បីឱ្យស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋ ហើយបន្តយកចិត្តទុកដាក់ចំពោះបរិស្ថានក្នុងតំបន់ទេសចរណ៍បានស្អាត មានតំបន់ការពារធម្មជាតិ ឧទ្យានជាតិ រមណីយដ្ឋានធម្មជាតិ ធ្វើយ៉ាងណាឱ្យទីរមណីយដ្ឋានទាំងក្លាយជាកន្លែងទាក់ទាញនៃភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកលេងកម្សាន្ត៕