(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា និងលោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ។
បន្ទាប់ពីសមាជិកសមាជិកានៃកិច្ចប្រជុំសាមញ្ញលើកទី៥២ បានអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំដែលបានគ្រោងទុកមានចំនួន ០៦ រួចមកក្នុងនោះដែរ សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សា ក៏បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួន ដោយបានផ្តោតទៅលើបញ្ញាការអនុវត្តគោនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព បញ្ហាផ្លូវថ្នល់ក្នុងក្រុង និងភ្លើងបំភ្លឺផ្លូវសាធារណៈ បញ្ហាសិស្សគេចសាលាមកផ្តុំគ្នាជក់បារីអេឡិចត្រូនិច ការកំណត់តំបន់បរិស្ថាននៅក្នុងតំបន់អប្សរា បញ្ហាការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី មានការយឺតយ៉ាវ បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការកកស្ទះប្រព័ន្ធប្រឡាយធ្វើឱ្យទឹកលិចផ្លូវនៅពេលភ្លៀងធ្លាក់ បញ្ហាកង្វះនូវសៀវភៅគ្រួសារ ព្រមទាំងអនាម័យម្ហូបអាហារនៅតំបន់ទេសចរណ៍សហគមន៍ផងដែរ។
បន្ទាប់ពីបណ្តាលមន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាបរួចមក។
ក្នុងឱកាសនោះដែរ លោក នាក់ ណេរ៉ុន ក៏បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារប្រចាំខែសីហា ព្រមទាំងបានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកសំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត នីតិកាលទី៧នេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ដោយផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
លោក នាក់ ណេរ៉ុន ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឱ្យបាននូវការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមឲ្យផ្អាក់នូវសេវាមួយចំនួន នៅតាមច្រកចេញចូលតែមួយ សំខាន់លើសេវាអាជីវកម្មក្រៅប្រព័ន្ធ។ ក្នុងនោះដែរ លោកក៏សុំការអភ័យទោសផងដែរ ចំពោះសេវាមួយចំនួន ដែលមានភាពយឺតយ៉ាវ ដើមី្បរងចាំនូវគោលការថ្មីរបស់រាជរដ្ឋាភិបាលធ្លាកមក។
លោក អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។
លោក អ៊ាន ឃុន បានបន្តថា ក្រោយការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តកិច្ចការសំខាន់ៗ លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយខ្យល់កន្ទ្រាក់ ជំនន់ទឹកភ្លៀង ដោយគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះផ្ទាល់ដល់មូលដ្ឋាន និងដោះស្រាយបានទាន់ពេលវេលាដល់គ្រួសារជួបការលំបាក និងងាយរងគ្រោះ។
ជាមួយនេះដែរ លោកបញ្ជាក់ថា គ្រប់កាលៈទេសៈ ដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
ក្នុងនោះដែរ កិច្ចប្រជុំក៏ពិនិត្យ និងពិភាក្សា អនុម័តលើការតែងតាំងមន្ត្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក (ជាលក្ខណៈសម្ងាត់) ផងដែរ៕