(កំពង់ឆ្នាំង)៖ ក្នុងដំណើរចុះមកសំណេះសំណាល ជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តកំពុងឆ្នាំង នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជួយសាងសង់ អគារសិក្សាតាមសាលានានា ក្នុងខេត្តកំពង់ឆ្នាំងសរុបជាង ៦០បន្ទប់ ដែលមានតម្លៃសរុបជិត ១លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចផ្តើមសំណេះសំ ណាលជាមួយមន្រ្តីរាជការ នៅសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃដដែលនេះ។
ការសម្រេចផ្តល់អគារសិក្សានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចុះជួបសំណេះសំណាល និងស្តាប់ដោយផ្ទាល់ នូវតម្រូវការរបស់លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សផងដែរ។ ក្នុងជំនួបចុះដោយផ្ទាល់នេះ គេបានសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ដោយក្តីរីករាយ និងរំភើបបំផុតពីគ្រូៗ និងសិស្សានុសិស្ស។ រីករាយដោយ សារពួកគេចាត់ទុកជំនួបនេះ គឺជាជំនួប ដ៏កម្រកើតមានសម្រាប់ពួកគេ។
សាលាដែលទទួល បានការជួយសាងសង់ អគារសិក្សាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖
សាលាគរុកោសល្យ និងវិក្រិត្យការខេត្តកំពង់ឆ្នាំងទទួលបានអគារសិក្សាថ្មីមួយខ្នងចំនួន ២ជាន់ ស្មើ ១២បន្ទប់
វិទ្យាល័យព្រះបាទសុរាម្រិតទទួលបានអគារសិក្សា ១ខ្នង ៣ជាន់ ស្មើ ១៨បន្ទប់
វិទ្យាល័យ ហ៊ុន សែន រលាប្អៀ ក្នុងស្រុករលាប្អៀ ១ខ្នង កម្ពស់ ២ជាន់ ស្មើ១២ បន្ទប់
វិទ្យាល័យបរិបូណ៍ខាងត្បូង ក្នុងស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ទទួលបានអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ស្មើ ១២បន្ទប់ រួមទាំងធ្វើបណ្ណាល័យ ទីចាត់ការ ១ខ្នង ៣បន្ទប់ របងសាលា បង្គន់អនាម័យ និងតារាងបាល់ទាត់ រួមទាំងជីកស្រះទឹកធំមួយ។
វិទ្យាល័យបរិបូរណ៍ ក្នុងស្រុកបរិបូរណ៍ ទទួលបានអគារសិក្សាចំនួន ២ខ្នង ដោយ ១ខ្នង មាន ២ជាន់ ស្មើ ១២បន្ទប់ រួមទាំងទីចាត់ការ១ មានបីបន្ទប់។ សម្តេចតេជោ ក៏បានឲ្យជីកស្រះ ១ហិកតាកន្លះដ៏ធំមួយ សម្រាប់សាលារៀនប្រើប្រាស់ និងសហគមន៍ នៅក្បែរសាលា បានប្រើប្រាស់ផងដែរ។
តាមការចុះជួប និងសំណេះសំណាលដោយផ្ទាល់នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យអប់រំនៅកម្ពុជា កំពុងបោះជំហានទៅមុខគួរឲ្យកោតសរសើរ។ សម្តេចតេជោ រំពឹងថា តាមរយៈការផ្តល់អគារសិក្សាថ្មីៗទាំងនេះ នឹងជួយសម្រួលសេចក្តីត្រូវការចាំ បាច់របស់សាលារៀន និងបានជួយដល់សិស្សានុសិស្ស បន្តការសិក្សារៀនសូត្រ នៅតាមបណ្តាខេត្តឲ្យកាន់ងាយស្រួល។
សូមបញ្ជាក់ថា នៅក្នុងដំណើរចុះមកសំណេះសំណាល ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពុង ក្រៅពីចុះទៅតាមសា លារៀនហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលសួរសុខទុក្ខសំណេះសំណាល ជាមួយអាជីវករនៅផ្សារលើ ក្នុងទីរួមខេត្តកំពង់ឆ្នាំង ព្រមទាំងអញ្ជើញទៅសួរសុខទុក្ខអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។ ក្នុងដំណើរចុះសំណេះសំណាល ជាមួយអាជីវករ សម្តេចតេជោ បានសម្រេចឲ្យពួកគេបន្តលក់ នៅក្នុងផ្សាររហូតដល់ឆ្នាំ ២០៤០ ទៅតាមសំណើរបស់ពួកគេ។
រហូតមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ ខេត្តចំនួន ១២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានចុះទៅដល់ ដើម្បីពិនិត្យសមិទ្ធផលការងារ ដែលសម្រេចបាន និងការងារត្រូវធ្វើបន្ត ក៏ដូចជាជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ខេត្តទាំង១២នេះរួមមាន៖ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ កំពង់ស្ពឺ កំពង់ ឆ្នាំង និងពោធិ៍សាត់។
ដំណើរចុះមកតាមខេត្តនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏តែងបានចូលជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស និងក្រុមអាជីវករ ហើយ តែងបានផ្តល់អគារសិក្សា និង បានដោះស្រាយ បញ្ហាទុក្ខលំបាកជូនក្រុមអាជីវករផងដែរ៕