(ភ្នំពេញ)៖ មានជនខិលខូចបានយកឈ្មោះ និងរូបថតលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនី Telegram និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួង ស្ថាប័នរដ្ឋ និងលោករដ្ឋមន្ត្រីផ្ទាល់។

តាមរយៈសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងព័ត៌មាន បានញ្ជាក់ជូនថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានមធ្យោបាយទំនាក់ទំនងផ្លូវការដូចខាងក្រោមតែប៉ុណ្ណោះ៖

ទី១៖ គណនីតេឡេក្រាមឈ្មោះ «Pheaktra Neth» និងឆាណែលតេឡេក្រាមឈ្មោះ «Neth Pheaktra នេត្រ ភក្ត្រា (https://t.me/neth_pheaktra

ទី២៖ ទំព័រហ្វេសប៊ុកឈ្មោះ «Neth Pheaktra» និងគណនីហ្វេសប៊ុកឈ្មោះ «Neth Pheaktra នេត្រ ភក្ត្រា»
និងទី៣៖ គណនី WhatsApp ដែលត្រូវបានសម្គាល់ដោយលេខទូរស័ព្ទរបស់លោកផ្ទាល់។

ករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់រដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕