(ស្វាយរៀង)៖ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសតែងតាំងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធកម្ពុជាខេត្តស្វាយរៀង។
ពិធីនេះក៏មានចូលរួមពីគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាល មេបញ្ជាការផ្នែកសឹករង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ចំនួន២៥០នាក់។
លោក ប៉េង ពោធិ៍សា បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់លោកជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្វាយរៀង ដើម្បីបន្តចូលរួមចំណែកក្នុងកិច្ចការគាំទ្របម្រើ ធានាការពារ និងផ្ដល់នូវផលប្រយោជន៍ជូនអតីតយុទ្ធជន ឱ្យបានកាន់ល្អប្រសើរថែមទៀត។
ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់ថា៖ «ចំពោះលោកផ្ទាល់ការមានឱកាសចូលរួមជាចំណែកមួយក្នុងគ្រប់យន្តការគាំទ្រដល់សកម្មភាពទាំងឡាយ ដែលនាំទៅដល់ផលប្រយោជន៍ ដ៏ពិតប្រាកដសម្រាប់អ៊ុំ ពូ មាមីង អតីតយុទ្ធជន គឺជាកិច្ចការចម្បង និងជាកាតព្វកិច្ចតបស្នងមិនអាចខ្វះបានពីសំណាក់យើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ សម្រាប់វីរៈអតីតយុទ្ធជន យុទ្ធនារី ដែលអស់លោកទាំងអស់ បានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយចំណែក នៃការចូលរួមនេះ គឺពិតជាមានតម្លៃ ប្រកបដោយមោទនភាពបំផុត ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប ដែលបានទទួលផលពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធជន និងយុទ្ធជនពលីជំនាន់មុន»។
ឆ្លើយតបនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងប្រតិបត្តិស្របតាមសុភាសិត «ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ» លោកអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្តេជ្ញា៖
*ខិតខំអនុវត្តតាមគោលការណ៍ ការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឱ្យមានប្រសិទ្ធភាព
*បន្តយកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនគ្រប់រូប
*បន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ចែករំលែក ជំរុញ និងកៀរគរការចូលរួមក្នុងសកម្មភាពសាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន
*បន្តចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរនានារបស់អតីតយុទ្ធជន និងគ្រួសារពលី ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង
*ត្រៀមចូលរួមសហការ និងគាំទ្រជានិច្ចនូវរាល់សកម្មភាពដែលផ្ដល់ និងការពារផលប្រយោជន៍របស់អតីតយុទ្ធជន ក៏ដូចជាបន្តជួយជំរុញចលនាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឱ្យកាន់តែមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ថែមលើសពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ លើការងារអតីតយុទ្ធជននេះ លោកសូមក្រើនរំលឹកដល់ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធកម្ពុជា ខេត្តស្វាយរៀង និងអនុប្រធាន ព្រមទាំងក្រុមការងារទាំងអស់ ឱ្យយកចិត្តទុកដាក់ គិតគូរលើសុខទុក្ខ ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន ជាពិសេសត្រូវប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យបានប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច ផ្តល់ផ្ទះ និងជំរុញការដាំដុះបង្កបង្កើនផលជាដើម។
ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូនផងដែរ៕