(បាត់ដំបង)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងផ្តល់សម្ភារការដ្ឋានផ្លូវថ្នល់ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីតិកាលទី៦ គឺត្រូវកសាងធ្វើបន្ថែមបន្តអភិវឌ្ឍន៍ដូចមុន, រាជរដ្ឋាភិបាលនីតិកាលទី៧ បានអនុញាតឲ្យលោករៀបរាប់ ពីចក្ខុវិស័យត្រូវធ្វើឲ្យប្រទេសខ្មែរ មានការរីកចម្រើនបន្ថែមទៀត ដើម្បីឲ្យប្រជាជនខ្មែរមានចំណូលមធ្យម ក្នុងឆ្នាំ២០៣០ និងចំណូលមធ្យមមានកម្រិតខ្ពស់ ឆ្នាំ២០៥០ នាពេលអនាគត។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្តថា ការងាររាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានបាវចនា៥៖
* ការងារសមធម៌ ការងារប្រសិទ្ធភាព និងចិរភាព
* គោលដៅយុទ្ធសាស្រ្ត៥ទិសដៅ កំណើនសេដ្ឋកិច្ចក្នុងអាត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧%
* បង្កើនការងារឲ្យបានច្រើនទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា កាត់បន្ថយភាពភាពក្រីក្រ អាត្រាទាបជាង១០% និងបន្តបង្ខិតភាពក្រីក្រក្រ ឲ្យស្ថិតក្នុងអប្បបរិមា បន្តពង្រឹងសមត្ថកិច្ច
តម្លាភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កិច្ចការអភិវឌ្ឍន៍សង្គម កំណើនសេដ្ឋកិច្ច និងសាងភាពធន និងបម្រែបម្រួលអាកាសធាតុ
* អាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងត្រូវយកចិត្តទុកដាក់ជាសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈ។
លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ ឲ្យបន្តថែរក្សាការពារសមិទ្ធផលដែលបានកសាង ក្នុងអាណត្តិទី៦ និងអាណត្តិកន្លងទៅ និងត្រូវបន្តជំរុញការធ្វើកំណែទម្រង់ ព្រមទាំងជំរុញការអភិវឌ្ឍបន្ថែមទៀត តាមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងឱកាសនោះ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង បានសំណូមពរ ដល់លោករដ្ឋមន្រ្តី ជួយសម្របសម្រួលកិច្ចការមួយចំនួន លើការងារសាធារណការខេត្ត និងបញ្ហាប្រឈមនានា មួយចំនួនដែលត្រូវដោះស្រាយ បន្តជូនប្រជាពលរដ្ឋ។
លោក សុខ លូ បានរំលឹកផងដែរ អំពីសក្តានុពលដល់ខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល បានកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ ជាពិសេសកិច្ចការងាររបស់សាធារណការ ហើយនៅផ្លូវជាតិលេខ៥នេះ សម្តេចតេជោ លោកធ្លាប់បានអញ្ជើញមកសម្ពោធរួចហើយ។
លោក សុខ លូ ក៏បានចង្អុលបង្ហាញពីការសាងសង់ ផ្លូវកាត់ឆ្ពោះទៅខេត្តមានសមុទ្រដូចជាខេត្តកោះកុង ដោយធ្វើផ្លូវចេញពីខេត្តទាំង៣រួមមាន៖ ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ ទៅថ្ងៃក្រោយ។ លោកបានសំណូមពរដល់លោករដ្ឋមន្រ្តី សុំឲ្យលោកជួយសម្រួបសម្រួល ការងារសាងសង់ផ្លូវក្នុងខេត្តដែលនៅសេសសល់ ដើម្បីបន្តធ្វើបន្ថែមទៀតផងដែរ៕