(ព្រះវិហារ)៖ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ នសថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដោយផ្ទាល់ ផ្នែកម្ហូបអាហារ និងភេសជ្ជៈ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីនេះបានរៀបចំធ្វើឡើងក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសិក្ខាកាមជាច្រើនរូបទៀត។

លោក សុខ សាន្តតារ៉ា បានថ្លែងនូវការអរគុណដល់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ដែលបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ និងការគាំទ្រពីគណៈកម្មាធិការគ្រប់គ្រង ហូកា ពិសេសពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទើបធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះកើតឡើង។

លោកអភិបាលរងខេត្តព្រះវិហារបានថ្លែងបន្តថា វគ្គបណ្តុះបណ្តាលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលត្រូវទាមទាឱ្យសិក្ខាកាមទាំងអស់គ្នា ត្រូវតែខិតខំយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍខ្លួនឯង ដែលជាធនធានមនុស្សក្នុងវិស័យទេសចរណ៍ លើចំណេះជំនាញក្នុងការផ្តល់សេវាជូនភ្ញៀវទេសចរណ៍ឱ្យកាន់តែប្រសើរឡើង ពិសេសលើម្ហូបអាហារ និងភេសជ្ជៈ៕