(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង ជាមេបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក (៩១១) ជំនួសលោកឧត្តមសេនីយ៍ឯក ចាប ភក្ដី ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ក្នុងនោះ ក៏មានការប្រកាសឲ្យចូលកាន់តំណែង លោកឧត្តមសេនីយ៍ត្រី មួន សាម៉េត ជាមេបញ្ជាការរង នាយសេធិការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានចូលរួមអបអរសាទរជាមួយលោកឧត្តមសេនីយ៍ឯក ចាប ភក្តី អតីតមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលទទួលបានការទុកចិត្តពី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ។

លោកក៏សម្តែងនូវការអបអរសាទរជាមួយ នាយទាហានជាន់ខ្ពស់ ចំនួន០២រូប ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងថ្មី ហើយដែលត្រូវបានប្រកាសនាពេលនេះផងដែរ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា ការសម្រេចតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសមទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ចចាំបាច់ ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលបច្ចុប្បន្ន ស្របពេលដែលកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ កំពុងដំណើរការទៅមុខជាប់ជាប្រចាំ ដោយក្នុងនេះ ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធការងារ, ការពង្រឹងក្បាលម៉ាស៊ីនដឹកនាំបញ្ជា និងការសម្រិត សម្រាំងគុណភាពធនធានមនុស្ស គឺជាមូលដ្ឋានដ៏ចាំបាច់មួយ សម្រាប់ការកសាង និងគ្រប់គ្រងប្រភពកម្លាំង សំដៅធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានកោតសរសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង បញ្ជាការដ្ឋានានទ័ពពិសេស កងទ័ពជើងគោក ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើនក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ៕