(ព្រៃវែង)៖ សមត្ថកិច្ចជលផល នៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ដោយបង្ក្រាបបានមួយករណី ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ស្បៃមុង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

សមត្ថកិច្ចជលផលខេត្តព្រៃវែង បានឲ្យដឹងថា ឧបករណ៍ស្បៃមុង ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បៃមុងចំនួន១៥មាត់, របាំងព្រួលស្បៃមុង ប្រវែង៧៩០ម៉ែត្រ, បង្គោលចម្រឹងចំនួន៣៥៥ដើម និងបានចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ទម្ងន់៤០គីឡូក្រាម។

ជាមួយគ្នានេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានគូសបញ្ជាក់ថា ចំពោះការងារវារីវប្បកម្មនៅខេត្តព្រៃវែង មានកសិករចិញ្ចឹមត្រី ចំនួន២១គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា០.១៥តោន, ត្រីកាបឥណ្ឌា០.១០តោន, ត្រីអណ្ដែង៤.៣០តោន, ត្រីឆ្ពិន០.១០តោន, ត្រីប្រា៤៨.១៥តោន សរុប៥៣.១៥តោន គិតជាថវិកាសរុបចំនួន២៦៥,២១៨,៥០០រៀល ស្មើនឹង៦៤,៦៨៧ដុល្លារ (តម្លៃត្រីមធ្យម ៤,៩៩០ រៀល/គីឡូក្រាម)។

លោកបានបន្ថែមថា ដើម្បីលើកកម្ពស់ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារនេះ ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយអង្គការយូរីដូ និងអាជ្ញាធរ២១៨មូលដ្ឋាន បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវគ្គចិញ្ចឹមត្រី ដូចជា ការរៀបចំស្រះ ការគ្រប់គ្រងចំណី គុណភាពទឹក និងសុខភាពរបស់ត្រី ដល់កសិករនៅភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ដោយមានកសិករចូលរួមសរុបចំនួន១៩នាក់ (ស្រ្ដីចំនួន៤នាក់)៕