(កំពង់ឆ្នាំង)៖ កាណូតបាឡាស្មាច់មួយគ្រឿងរបស់ប្រជាពលរដ្ឋ បានក្រឡាប់លិចនៅក្នុងទន្លេកាលពីវេលាម៉ោង ៩៖១០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចស្ពានឈើភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ហេតុការណ៍នេះ បានកើតឡើងខណៈដែលស្ត្រីម្នាក់បានបើកបាឡាស្មាច់របស់ខ្លួន មកពីទិញសម្ភារប្រើប្រាស់នៅផ្សារក្រោមក្នុងក្រុងកំពង់ឆ្នាំង និងបានក្រឡាប់លិចនៅពេលត្រឡប់ទៅលំនៅឋានវិញ។

យោងរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានស្ត្រីម្នាក់ឈ្មោះ ផន ស្រីមុំ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកំពង់អុសក្រោម ឃុំកំពង់អុស ស្រុកជលគីរី បានបើកកាណូតបាឡាស្មាច់មួយគ្រឿង ចេញពីចំណុចទំនប់បារាំង សំដៅទៅផ្ទះរបស់ខ្លួនវិញ ដោយនៅក្នុងបាឡាននោះក៏មានដឹកឥវ៉ាន់សំពីងសំពង ព្រមទាំងមានកូនស្រីតូចម្នាក់ដែលនាងទើបតែមានអាយុ៤ឆ្នាំប៉ុណ្ណោះ បានរួមដំណើរជាមួយផងដែរ។

លុះពេលបើកមកដល់ចំណុចកើតហេតុជិតស្ពានឈើ កាណូតបានជាប់ហ្គែរ៍ ហើយក៏បានបណ្តាលឲ្យក្រឡាប់តែម្ដង។ នៅក្នុងហេតុការណ៍នោះបានធ្លាក់កូនស្រីអាយុ៤ឆ្នាំលិចចូលទៅក្នុងទឹកទន្លេរយៈ ពេលជាងមួយម៉ោង ទើបរកឃើញ ប៉ុន្តែនាងបានស្លាប់បាត់ទៅហើយ តែដោយសារមិនអស់ចិត្ត ក្រុមគ្រួសារបានដឹកក្មេងស្រីរងគ្រោះយកទៅមន្ទីរពេទ្យ តែត្រូវបានគ្រូពេទ្យប្រាប់ថា នាងបានស្លាប់បាត់ទៅហើយ។

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើនេះ សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកអំពីក្រឡាប់ទូកបាឡាស្មាច់លិចដោយខ្លួនឯង៕