(ភ្នំពេញ)៖ សម័យរដ្ឋសភាលើកទី១ នីតិកាលទី៧ បានបោះឆ្នោតគាំទ្រក្នុងសំឡេង ១១៤/១១៤ នៃចំនួនសមាជិករដ្ឋសភាដែលមានវត្តមានក្នុងសម័យប្រជុំនោះ ដើម្បីប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។
សម័យរដ្ឋសភាលើកទី១ នីតិកាលទី៧នេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា លោក វង សូត អនុប្រធានទី២រដ្ឋសភា និងសមាជិក សមាជិកានៃរដ្ឋសភា សរុបចំនួន១១៤រូប។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក៏បានដឹកនាំក្រុមការងារតំណាងរាជរដ្ឋាភិបាលចូលការពារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧នេះផងដែរ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ ព្រមទាំងស្តាប់របាយការណ៍របស់គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ និងការពន្យល់បកស្រាយរបស់តំណាងរាជរដ្ឋាភិបាល អង្គប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ បានបោះឆ្នោតអនុម័ត ដោយសំឡេងគាំទ្រចំនួន ១១៤/១១៤ នៃចំនួនសមាជិករដ្ឋសភាដែលមានវត្តមានក្នុងសម័យប្រជុំ ដើម្បីប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»៕