(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំច្បាស់ៗ និងចំៗជូនចំពោះមន្រ្តីរាជការក្រោមឱវាទឱ្យធ្វើការតាមរបៀបបុរេសកម្ម ដើម្បីសម្រេចបាននូវសុក្រិតកម្មបរិស្ថានកិច្ច។
ការណែនាំនេះធ្វើឡើងជំនួបលើកទី២ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៅទីស្ដីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការធ្វើការងារបែបបុរេសកម្ម គឺត្រូវតែតាមដានការងារជាប្រចាំ តាមរយៈសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាមន្រ្តីរាជការចាំបាច់ត្រូវអាន រៀនឱ្យយល់ យកមកបំបែកធ្វើជាផែនការយុទ្ធសាស្រ្ត ហើយញែកឱ្យទៅជាផែនការសកម្មភាពសម្រាប់អនុវត្តឱ្យបានឆាប់រហ័ស បន្ទាប់មកតាមដានឱ្យជាប់ជាប្រចាំ និងដោយការទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនថ្នាក់ដឹកនាំរបស់ក្រសួងផងដែរ ចាំបាច់ត្រូវតែការងារល្អ និងច្បាស់លាស់ មានភាពជាម្ចាស់ការលើការងារ ឯករាជ្យភាព និងអធិបតេយ្យភាព។
លោករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់លើពាក្យថា សុក្រឹតកម្មបរិស្ថានកិច្ច គឺជាកិច្ចការងារបន្តដែលមានពីមុន ហើយដែលមន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវបន្តធ្វើជាបន្តទៀតដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈានឆ្ពោះទៅសម្រេចបានយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងបានដាក់ចេញហើយនូវយុទ្ធសាស្រ្តអាទិភាព រួមមាន៖ កាត់បន្ថយប្លាស្ទិក ការដាំដើមឈើ ការគ្រប់គ្រងធនធានធម្មជាតិ សហគមន៍អព្យាក្រឹតកាបូន និងការប្រែប្រួលអាកាសធាតុ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព៕