(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានចុះចែកបណ្ណកម្មសិទ្ធចំនួន៤៥០បណ្ណ ជូនម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោក ឃ្លាំង ហួត បានលើកឡើងថា ការប្រគល់ប្លង់រឹងសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋខាងលើនេះ ជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅថែមមួយកម្រិតទៀតលើការគ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋជាកម្មសិទ្ធិករ ក្នុងការយកទៅប្រើប្រាស់លើការប្រកបអាជីវកម្មផ្សេងៗតាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅផងដែរ។
លោកអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រុមការងារបានធ្វើកិច្ចការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ ដោយសារតែកត្តាសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋកំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំនៅគ្រប់ទិសទី។
លោក ឃ្លាំង ហួត បានស្នើសុំឱ្យប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងទាំងនោះ ត្រូវថែរក្សាការពារឱ្យបានល្អ ព្រោះថាវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាព និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ លើសពីនេះក៏ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ មិនតែប៉ុណ្ណោះ ប្លង់រឹងនេះក៏អាចផ្តល់លទ្ធភាពប្រើប្រាស់តាមច្បាប់ ឬយកទៅដាក់ធានាក្នុងការខ្ចីលុយពីធនាគារយកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗទៀតបានដែរ។
លោក ឃ្លាំង ហួត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋយកបណ្ណកម្មនេះទៅប្រើប្រាស់ដោយការពិចារណាឱ្យបានត្រឹមត្រូវសម្រាប់ជាឧត្តមប្រយោជន៍ដល់គ្រួសារ ដាច់ខាតមិនត្រូវយកបណ្ណនេះទៅប្រើប្រាស់ក្នុងអប្បាយមុខ ដែលនាំឱ្យមានមហន្តរាយដល់ខ្លួនឯង គ្រួសារ និងអនាគត់កូនចៅ ដោយលោកបានលើកជាប្រយោគមួយក្នុងន័យអបរំថា «បើភ្លើងឆេះផ្ទះអស់ យ៉ាងហោចណាស់ក៏នៅសល់ដីដែរ តែបើប្រព្រឹត្តល្បែងអប្រិយ វានាំឱ្យអស់ទាំងដី អស់ទាំងផ្ទះ ហើយឈានទៅព្រាត់ប្រាស់ក្រុមគ្រួសារ និងប៉ះពាល់ដល់ជោគវាសនាអនាគតកូនចៅរបស់ខ្លួនទៀតផង»។
ចំពោះបណ្ណប្រព័ន្ធ ឬប្លង់រឹងនេះ លោកបានអំពាវនាវសុំឲ្យមានការពិនិត្យមើលឲ្យបានច្បាស់លាស់ មុននឹងទិញ លក់ ឬដោះដូរអ្វីមួយ ព្រោះថាកន្លងមកមានជនខិលខូចមួយចំនួនមានការបន្លំ និងបោកប្រាស់ដល់ពលរដ្ឋ ដែលមិនមានការប្រុងប្រយ័ត្ន វាងាយស្រួលធ្វើឲ្យបងប្អូនចាញ់ឧបាយកលរបស់ពួកគេ។
ចំពោះអ្នកមិនទាន់បានប័ណ្ណនេះអាចមកទាក់ទង ឬសាកសួរព័ត៌មានជាមួយមន្រ្តីជំនាញនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ជាប់របងទីស្តីការគណៈរដ្ឋមន្រ្តីដោយផ្ទាល់៕