(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ កងទ័ពរំដោះប្រជាជនចិន បានដឹកជញ្ជូនសម្ភារសម្រាប់ចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»។
ពិធីទទួលសម្ភារនេះបានធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមចាត់ចែងទូទៅនៃសមយុទ្ធទេវតាសន្តិភាព នាព្រលានយន្តអន្តរជាតិភ្នំពេញ (VIP)។
សម្ភារទាំងនោះបានដឹកតាមយន្តហោះ ៤គ្រឿង គឺ Y-19 មួយគ្រឿង, Y-20 បីគ្រឿង រថយន្តសង្គ្រោះ ៣គ្រឿង រួមនឹងសម្ភារបរិក្ខារសុខាភិបាល សម្ភារសង្គ្រោះចំនួន ១០០០ឈុតជាដើម។
សមយុទ្ធនេះមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស របស់កងទ័ពជើងគោក ដោយកងទ័ពកម្ពុជា មានកម្លាំងចូលរួមចំនួន ៥៩៥នាក់ កងទ័ពរំដោះប្រជាជនចិន ចំនួន១២៦នាក់។
ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ ក្រុមគ្រូពេទ្យចិន និងក្រុមគ្រូពេទ្យកម្ពុជា ក៏មានធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ ហេតុនេះសូមប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប។ ការពិនិត្យព្យាបាលជំងឺនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៣។
គួរឱ្យដឹងថា កងទ័ពកម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន៥ លើករួចមកហើយ ដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមាន លក្ខណៈ ទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្រឆាំងភារវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ ដើម្បីសន្តិសុខក្នុងតំបន់។
ជាក់ស្ដែងឆ្នាំ២០២៣ កងទ័ពទាំងពីរបានបញ្ចប់សមយុទ្ធរួមគ្នា គឺសមយុទ្ធនាគមាស ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ឆ្លងតាមរយៈនៃការធ្វើសមយុទ្ធនាគមាស ២០២៣នេះដែរ កងទ័ពប្រទេសទាំងពីរ បានឯកភាពគ្នារៀបចាំធ្វើសមយុទ្ធថ្មីមួយទៀត នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣នេះ ឈ្មោះថា «លំហាត់សមយុទ្ធការងារមនុស្សធម៌ ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាព ឆ្នាំ២០២៣ កម្ពុជា-ចិន»៕