(ភ្នំពេញ)៖ ពិតជាព្រលឹងចុងមែន សម្រាប់ម្ចាស់ផ្ទះលក់ឥវ៉ាន់ មួយកន្លែងស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយពីរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ឈៀង សុខមេត្តា បានបើកបុកចូលទាំងកំរោល នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កខាងលើ ម៉ាក Fuso ពាក់ស្លាកលេខភ្នំពេញ 3A-0987 បានធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែដល់មុខផ្ទះលក់ឥវ៉ាន់ ក៏រេចង្កូចទៅបុកចូលពេញទំហឹងតែម្តងបណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិ និងសម្ភារជាច្រើន។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ មិនបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់នោះឡើយ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។ ដោយឡែក នៅរសៀលថ្ងៃដដែលនេះ ក៏មានរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន សូ ងួនមួយគ្រឿង បើកក្នុងល្បឿនលឿន ក៏រេចង្កូតបុកឡើងខឿនទ្រូងផ្លូវ វេងស្រេងតែ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែក៏គ្មានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕