(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូន លោក រត្ន័ សារិន ទីប្រឹក្សារាជរដ្ឋាភិបាលនៃកម្ពុជា ចំពោះមរណភាពភរិយាលោក។
តាមរយៈសារលិខិតរបស់ ឯកឧត្ដម ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានការតក់ស្លុតរន្ធត់ចិត្ត និងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ហ៊ុល សូភី ជាភរិយា នាវេលាម៉ោង ២:០០ នាទីរំលងអធ្រាត ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ»។
ក្នុងឱកាសដ៏សែនក្ដុកក្ដួល សោកសង្រេងនេះ ឯកឧត្ដម ថោង ខុន និងភរិយា សូមសម្ដែងនូវការសោកស្តាយ ចំពោះការបាត់បង់ភរិយា ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រឡាញ់ ដែលពោរពេញដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅៗ ដែលកន្លងមកក្នុងឆាកជីវិតលោកជំទាវ ហ៊ុល សូភី បានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សា អប់រំផ្ដល់ដំបូន្មានដល់បុត្រធីតារហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ជាថ្មីម្ដងទៀត ឯកឧត្ដម ថោង ខុន និងភរិយា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោកជំទាវ ហ៊ុល សូភី សូមបានទៅសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕