(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញតាមបណ្ដាខណ្ឌចុះប្រមូលជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានដែលមិនរៀបរយ ដើម្បីធ្វើការអប់រំណែនាំ និងកសាងសំណុំរឿងចាត់ការបានតាមនីតិវិធី។

ក្រោយទទួលបានបទបញ្ជានេះ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ចុះប្រមូលជនអនាថា និងអ្នកប្រើប្រាស់សារធាតុញៀន ចំនួន២៨នាក់ (ស្រី០២នាក់) បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

ក្រោយបញ្ចប់ការសួរនាំ ជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀនទាំង២៨នាក់នេះ ត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ និងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅមណ្ឌលអប់រំកែប្រែឱកាសខ្ញុំ៕