(ពោធិ៍សាត់)៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងមានប្រវែង ១៣៥.២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) ចំណាយថវិកាប្រមាណ ២៤៦.៣៥លានដុល្លារអាមេរិក គិតមកដល់ពេលនេះ សម្រេចការសាងសង់បានចំនួន៩០%ហើយ។

នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រី​ ប៉េង​ ពោធិ៍នា ​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យគម្រោងធ្វេីឱ្យប្រសេីរឡេីងកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម ស្ពានវាងក្រុងពោធិ៍សាត់​ និងការកែលម្អបរិស្ថាន សណ្តាប់ធ្នាប់លើដីចំណីផ្លូវ ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមអមដំណើរពីសំណាក់ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង នៃគណៈភិបាលខេត្តកំពង់ឆ្នាំង អគ្គនាយក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

សូមជម្រាបជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ(AC) និងមានសួរច្បារកណ្តាល។

គម្រោងនេះមានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិតនៅក្នុង កំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែ។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដូចជា៖ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕