(ភ្នំពេញ)៖ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជូនអ្នកបើករថយន្តចំនួន២នាក់ មានម្នាក់ជាជាតិចិន ដែលបានបង្កគ្រោះចរាចរណ៍ក្នុង២ករណីផ្សេងគ្នា នៅខណ្ឌដង្កោ និងខណ្ឌមានជ័យ ដែលគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ បានបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៥នាក់។
លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា សម្រាប់ករណីទី១ បានកើតឡើងវេលាម៉ោង១១៖៣៥នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវ២១៧ កែងផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្ត ដុងហ្វីង ពណ៌ស ផ្លាកលេខ ភ្នំពេញ 3C-7835 ដែលបានបើកបុកម៉ូតូ ម៉ាកឡែត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1FJ-0135 ពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ ម្នាក់របួសស្រាល។ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមកពីរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរម៉ូតូមិនទាន់គ្រប់អាយុ។
លោក សែម គន្ធា បានបន្តទៀតថា ករណីទី២ កើតឡើងនៅវេលាម៉ោង ២០៖៤៥នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះលេខ៥អា ផ្លូវដួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យដែលបង្កដោយជនជាតិចិន។ ករណីគ្រោះថ្នាក់នេះ បានកើតឡើងរវាងរថយន្ត អាតូស ពណ៌សពាក់ស្លាកលេខភ្នំពេញ 2E-0833 បុកម៉ូតូ៤គ្រឿង ១-វីវ៉ា ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល1G-6026, ២-គុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 1B-2232, ៣-សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-9271 និង៤-សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1A-9271។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ម្នាក់ល ស្រាល០២នាក់ និងអ្នករួមដំណើរម្នាក់ របួសស្រាល។សម្រាប់មូលហេតុវិញ មកពីជនជាតិចិនបើកបរ ក្នុងស្ថានភាពស្រវឹង។
សម្រាប់វត្ថុតាងទាំង រថយន្ត និងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយបន្តទៀត៕