(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន។
ជុំវិញដំណើរទស្សនកិច្ចនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ដំណើរទស្សនកិច្ចលើកដំបូង របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន គឺជាជម្រើសសមស្របតាមភូមិសាស្ត្រ និងផលប្រយោជន៍ជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានលើកយកចំណុច ៥មកពន្យល់ដូចខាងក្រោម៖
ទី១៖ ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។ កម្ពុជារួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។ នេះគឺជាខ្លឹមសារមាត្រា៥៣នៃរដ្ឋធម្មនុញ្ញ ដែលបញ្ជាក់ច្បាស់អំពីបន្ទាត់នយោបាយការបរទេសឥតប្រែប្រួលរបស់កម្ពុជា។ គឺជានយោបាយការបរទេសបែបចម្រុះពណ៌ដ៏សមស្របបំផុត សម្រាប់ស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក៏ដូចជាសមស្របទៅនឹងបរិបទពិភពលោក។
ទី២៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាជម្រើសសមស្របបំផុតបើគិតអំពីភូមិសាស្ត្រ និងផលប្រយោជន៍សេដ្ឋកិច្ចពីព្រោះចិន គឺជាប្រទេសជិតខាងក្នុងតំបន់ ជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។
ទី៣៖ ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសចិនសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងស្អិតល្មួតរវាងប្រទេសនិងប្រជាជនទាំងពីរ។ ស្នូលនៃទំនាក់ទំនងដ៏ល្អនេះ គឺឈរលើស្មារតីមិត្តភាពស្មើមុខមាត់គ្នា ផ្តល់តម្លៃឲ្យគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
ទី៤៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនមិនមែនមានន័យថា កម្ពុជាបោះបង់ប្រទេសដទៃនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជារីករាយស្វាគមន៍ និងរាប់អានមិត្តបរទេសគ្រប់ទិសទីដោយមិនប្រកាន់ថា ប្រទេសតូចឬធំ មានឬក្រឡើយ ពោលគឺកម្ពុជាផ្តល់តម្លៃជាមិត្តភាពស្មើៗគ្នា ជាមួយបណ្តាបរទេសទាំងអស់ក្នុងពិភពលោក និងក៏ប្រាថ្នាចង់បានមកវិញនូវការផ្តល់តម្លៃបែបនេះ ដូចគ្នាដែរពីសំណាក់មិត្តបរទេសក្នុងនាមជារដ្ឋអធិបតេយ្យមួយ។
ទី៥៖ បច្ចុប្បន្ន ប្រទេសនានាក្នុងពិភពលោក សុទ្ធតែមានទំនាក់ទំនងជាមួយចិន និងប្រាថ្នាចង់ឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរឡើង ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះ កម្ពុជាដែលជាប្រទេសតូចមួយ ក្នុងតំបន់ក្បែរខាងចិនក៏ត្រូវពូនជ្រុំទំនាក់ទំនងល្អជាមួយចិន ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។ នេះគឺជាជម្រើសដ៏ឆ្លាតវៃ និងសមស្របបំផុតសម្រាប់កម្ពុជា និងមិនធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រទេសណាមួយឡើយ៕