(វ៉ាស៊ីនតោន)៖ មន្ត្រីផ្នែកនយោបាយការបរទេស និង ក្រុមអ្នកជំនាញផ្នែកសន្តិសុខជាតិអាមេរិក ភាគច្រើនជាមន្ត្រី ជើងចាស់របស់អតីតរដ្ឋបាលលោក George W. Bush បានរួមគ្នាចុះហត្ថលេខាលើលិខិតមួយ ដែលថ្កោលទោស ការតែងតាំងលោក Donald Trump ធ្វើជាបេក្ខជនប្រធានាធិបតីអាមេរិក តំណាងគណបក្សនេះ ហើយពួកគេបាន ប្តេជ្ញាថានឹងមិនបោះឆ្នោតឲ្យលោក Trump ថែមទៀតផង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។
លិខិតខាងលើនេះ ដំបូងឡើយត្រូវបានចេញផ្សាយដោយកាសែត The New York Times នៅថ្ងៃចន្ទ ដោយក្នុងនោះបានព្រមានថា «យើងជឿជាក់ថា នៅក្នុងការិយាល័យ Oval Office លោក Donald Trump នឹងក្លាយជាប្រធានាធិបតីដំបូងដ៏ខ្ជីខ្ជាបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។» សម្រាប់អ្នកដែល បានចូលរួមចុះហត្ថលេខាថ្កោលទោសនោះ ក៏មានលោក Michael Hayden នាយកទីភ្នាក់ងារសន្តិសុខជាតិ និងជាអតីតប្រធាន CIA, លោក John Negroponte អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីការបរទេស, និង លោក Eric Edelman ជាទីប្រឹក្សាសន្តិសុខ ជាតិសម្រាប់អនុប្រធានាធិបតី Dick Cheney ផងដែរ។
ការថ្កោលទោសរបស់ មន្ត្រីកំពូលៗ និងចាស់ព្រឹទ្ធាចារ្យក្នុងជួរថ្នាក់ដឹកនាំសំខាន់ៗរបស់អាមេរិកនេះ គឺក្រោយពីពួកគេបានមើលឃើញថាលោក Trump បាននិងកំពុងធ្វើឲ្យពិភពលោកមើលទៅដូចជាកន្លែងដ៏គ្រោះថ្នាក់បំផុតមួយ។ នៅក្នុងលិខិតនោះ បានបញ្ជាក់ថា ប្រជាជនអាមេរិកភាគច្រើន មានមន្ទិលចំពោះលោក Trump ខ្លាំងជាងចំពោះ លោកស្រី គ្លីនតុន ដែលវាបានបញ្ជាក់ថាលោក Trump មិនមែនជាចម្លើយសម្រាប់ពួកគេនោះទេ ហេតុដូច្នេះ សមាជិកទាំងអស់បានសន្មត់ថា «លោក Trump គ្មាននិស្ស័យក្នុងការធ្វើប្រជាប្រធានាធិបតីអាមេរិកនោះឡើយ»៕