(ភ្នំពេញ)៖ កម្ពុជានិងជប៉ុនបានបង្ហាញសញ្ញាថ្មីក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ខណៈនៅចំពោះមុខនេះ កម្ពុជាបានស្នើឱ្យមានការរៀបចំដំណើរទស្សនកិច្ចសិក្សាពីវិស័យអធិការកិច្ចនៅប្រទេសជប៉ុន និងស្នើឱ្យមានការផ្តល់ជំនួយបច្ចេកទេសលើវិស័យអធិការកិច្ចមកឱ្យកម្ពុជាផងដែរ។

ទាំងនេះគឺជាអ្វីដែលបានពិភាក្សាក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ជាមួយលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអធិការកិច្ច។

នាឱកាសនោះ លោករដ្ឋមន្រ្តី ហួត ហាក់ បានលើកឡើងនូវសំណូមពរទៅកាន់លោកឯកអគ្គរាជទូតជប៉ុនជួយសហការរៀបចំឱ្យមានការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន។ ម្យ៉ាងទៀត លោករដ្ឋមន្ត្រីបានក៏ចង់ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដើម្បីសិក្សារៀនសូត្រ ដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នអធិការកិច្ចជប៉ុន។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានស្នើសម្របសម្រួលជាមួយអង្គការជប៉ុននានាដែលមានវត្តមាននៅប្រទេសកម្ពុជា រួមទាំងអង្គការ JICA ឱ្យជួយសហការជាមួយក្រសួង ក្នុងការផ្តល់ជំនួយបច្ចេកទេសលើវិស័យអធិការកិច្ច។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតរីករាយស្វាគមន៍ចំពោះសំណើខាងលើ និងទទួលការពាំនាំយកសំណើភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុននាពេលខាងមុខ។

លើសពីនេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានលើកឡើងអំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយបន្តការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថល។

លោករដ្ឋមន្ត្រីថែមទាំងបានលើកឡើងពីទំនាក់ទំនងមិត្តភាពដែលមានប្រវត្តិជាយូរលង់ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុននៅលើវិស័យជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច សន្តិសុខ សាធារណការ ការពារជាតិ អប់រំ បណ្ដុះបណ្ដាល វប្បធម៌ ទេសចរណ៍ សុខាភិបាលជាដើម ខណៈឆ្នាំ២០២៣នេះគឺជាឆ្នាំនៃខួបអនុស្សាវរីយ៍ការទូតលើកទី៧០ ជាពិសេសគឺទំនាក់ទំនងនេះត្រូវបានដំឡើងជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership)៕