(កណ្ដាល)៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុវត្តតាមបទបញ្ជាដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និលោក អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាព ខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ ខ្ពស់ដាស់តឿនក្រើនរម្លឹកជាប្រចាំ ដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម ពិសេសត្រូវក្តាប់ឲ្យបជាប់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវបង្ក្រាបឲ្យបានរាល់បទល្មើសដែលកើតឡើង ។
អនុវត្តន៍តាមទិសស្លោក របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស « ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ជំនាញ និងមេបញ្ជាការ កងរាជអាវុធហត្ថមូលដ្ឋានក្រុងស្រុក ឲ្យយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់នូវរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
ជាក់ស្តែកករណីក្មេងទំនើងមួយក្រុមមានគ្នាប្រមាណ៣០នាក់ (ប្រុស ស្រី ) ម៉ូតូជាង១០គ្រឿង ដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូ និងជិះវ៉ាជែងគ្នា អាណាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើឲ្យមហាជនមានការភ័យខ្លាច កន្លងទៅលើផ្លូវជាតិលេខ៣ ចំណុចផ្លូវបំបែកបាយគូស (ពីខេត្តតាកែវ ទៅខេត្តកំពត) កំឡុងខែមករា ឆ្នាំ២០២៣ កាលពីបុណ្យប្រចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ហើយពួកគេថតវីដេអូ បង្ហោះតាមបណ្តាញសង្គម។
នៅវេលាម៉ោង១៨៖១៥នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថជួបមុខសញ្ញាខាងលើ កំពុងបង្ហោះម៉ូតូ និងជិះវ៉ាជែងគ្នា ពេញផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏ធ្វើការពួនស្ទាក់ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៤នាក់(ប្រុស) ម៉ូតូចំនួន ០២គ្រឿង ក្នុងចំណោមបក្សពួក២០នាក់ ម៉ូតូ១០គ្រឿង។
១៖ ឈ្មោះ ដារ៉ាវុធ ភេទប្រុស មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ម៉ូតូម៉ាក NEX សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ 1- 6690។
២៖ ឈ្មោះ កក្តា ភេទប្រុស មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ម៉ូតូម៉ាក Honda Dream C125 សេរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1- 6178។
៣៖ ឈ្មោះ ចំរើន ភេទប្រុស មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤៖ ឈ្មោះ សុខហេង ភេទប្រុស មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ពួកក្មេងទំនើងទាំង ០៤នាក់ ទទួលស្គាល់នូវកំហុសរបស់ខ្លួន និងប្តេជ្ញាឈប់ធ្វើចឹងទៀត។ ព្រមទាំងបានឆ្លើយសារភាពថា ពួកគេពិតជាបានបង្ហោះម៉ូតូ លើដងផ្លូវជាតិលេខ៣ ចំណុចផ្លូវបំបែកបាយគូស (ពីខេត្តតាកែវ ទៅខេត្តកំពត) និងថតវីដេអូ បង្ហោះពីសកម្មភាពពួកខ្លួនតាមបណ្តាញសង្គម Facebook និងធ្លាប់ជិះបង្ហោះម៉ូតូ ជិះវ៉ាជែង ជាអាណាធិបតេយ្យលើដងផ្លូវសាធារណ:ជាច្រើនលើកពិតប្រាកដមែន។
ករណីនេះ មន្ត្រីកងរាជអាវុធហត្ថ បានធ្វើការអប់រំ ណែនាំ និងបានរាយការណ៍ ព្រមទាំងបានអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យា ធានាកូនគាត់ឲ្យទៅវិញ។ អាណាព្យាបាលក្មេងទាំងនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលឃាត់កូនគាត់យកមកអប់រំ ណែនាំបានទាន់ពេលវេលានូវទង្វើអសីលធម៌ ព្រោះគាត់មិនបានដឹងថាកូនៗ របស់គាត់បានទៅធ្វើផ្ដេសផ្ដាស ធ្វើឲ្យមហាជនស្អប់ខ្ពើមនោះឡើយ។ ហើយពួកគាត់សុំយកកូនៗទៅអប់រំ ទូន្មាន ប្រៀនប្រដៅបន្តទៀត ព្រោះពួកគាត់មិនដឹងថាកូនៗធ្វើទង្វើបែបនេះសោះឡើយ៕