(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឲ្យលោកស្រី Rebekah BELL តំណាងអង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានសំដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន ជាមួយអង្គការអង្គការ FAO លើគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត រួមមាន៖ គម្រោងមូនិធិ អាកាសធាតុបៃតង និងមូលនិធិបរិស្ថានសកល ដើម្បីឆ្លើយតបនឹងការគ្រប់គ្រងធនធានធម្មជាតិការអភិរក្ស តំបន់ការពារ ការអភិរក្សជីវចម្រុះ ការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ និងកម្មវិធី REDD+។

លោករដ្ឋមន្រ្តី ក៏បានបង្ហញរបៀបវារៈនៃសកម្មភាពការងារ ជាអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងរយៈពេលខ្លី ដែលផ្តោតជាសំខាន់លើសកម្មភាព ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមសាលារៀន ដែលមានសិស្សានុសិស្សចំនួន៣.៧លាននាក់ ការអភិវឌ្ឍសហគមន៍តំបន់ការពារតាមរយៈការបង្កើត របៀងទេសចរធម្មជាតិ និងប្រវត្តិសាស្រ្ត ជីវភាពសហគមន៍ និងបង្កើតសហគមន៍អព្យាក្រិតការបូន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោកស្រី Rebekah BELL បានគាំទ្រយ៉ាងពេញទំហឹង នូវរបៀបវារៈជាអទិភាពរបស់ក្រសួងបរិស្ថាន ដែលតែងតែសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថានក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាព ក្នុងការអភិរក្ស ការពារព្រៃឈើ និងការកៀគរហិរិញ្ញប្បទានអាកាសធាតុពីប្រភពសំខាន់ៗ ហើយជា ការឆ្លើយតបទៅនឹងអាទិភាពរបស់រដ្ឋាភិបាល លោកស្រី Rebekah BELL បានបញ្ជាក់ថា FAO កម្ពុជា កំពុងរៀបចំក្របខណ្ឌកម្មវិធីប្រទេសថ្មី ២០២៤-២០២៨។

សូមបញ្ជាក់ជូនថា កិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយអង្គការ FAO គឺដើម្បីរៀបចំកម្មវិធីជាតិសម្រាប់មូលនិធិអាការធាតុបែតង កំណត់ស្ថាប័នជាតិឱ្យទទួលបានមូលនិធិផ្ទាល់ ពីមូលនិធិអាការធាតុបែតង និងគម្រោងកម្មវិធី REDD+៕