(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញប្រកាសមួយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ ដោយអះអាងថា ឈ្មោះ «ស៊ិន សុផារិទ្ធ» ជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្ដរជាតិ ដែលជាអ្នកសរសេរលិខិតចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ដាក់ចំណងជើងថា «ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក» នោះ មិនមែនជាមន្ដ្រី ឬបុគ្គលរបស់ក្រសួងការបរទេសឡើយ។
ការចេញមុខមកអះអាងបញ្ជាក់ របស់ក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពី កាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយនូវលិខិតមិត្តអ្នកអានមួយ កាលពីម្សិលមិញ ដែលជារបស់ឈ្មោះ ស៊ិន សុផារិទ្ធ ប៉ុន្តែនិស្សតនោះ ប្រើអ៊ីមែល [email protected] ដែលធ្វើឱ្យអ្នកអានមួយចំនួនមានការយល់ច្រឡំថា គាត់ជាមន្រ្តីនៅក្រសួងការបរទេស ដោយសារប្រើចុងអក្ស mfaic ដូចនឹងពាក្យពេញថា «Ministry of Foreign Affairs and International Cooperation» (ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។
តាមការបំភ្លឺរបស់ក្រសួងការបរទេស ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នេះជាការយល់ច្រឡំទេ ហើយអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «ទី១-ឈ្មោះ ស៊ិន សុផារិទ្ធ ដែលមានអាស័យដ្ឋានអ៊ីមែល [email protected] កន្លងមក និងក្នុងពេលបច្ចុប្បន្នពុំមែនជាមន្ត្រី ឬបុគ្គលិក របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើយ ទី២-ការប្រើអាស័យដ្ឋានអ៊ីមែល [email protected] នេះ ដែលមាន domain name «gmail.com» ពុំពាក់ព័ន្ធនឹង domain name របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើយ ថ្វីត្បិតតែមានពាក្យ mfaic ដែលជាពាក្យកាត់ត្រូវបានក្រសួងប្រើសម្រាប់តំណាងឲ្យពាក្យពេញ Ministry of Foreign Affairs and International Cooperation នៅជាប់ពីក្រោយពាក្យ sopharith នេះ» ក៏ដោយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានស្នើសាធារណជន កុំឲ្យមានការយល់ច្រឡំថា ឈ្មោះ ស៊ិន សុផារិទ្ធ ជាមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសទេ ហើយក្រសួងមិនជាប់ពាក់ព័ន្ធ និងទទួលខុសត្រូវចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននេះទេ៕